បើពពោះមានអារម្មណ៍ពិបាក ស្ត្រីអាចនឹកដល់ហេតុផល ៣ យ៉ាង គិតហើយមានក្តីសុខបំផុត
ចំពោះមនុស្សស្រី ការមានគភ៌ ឬ មានផ្ទៃពោះអាចជារឿងរំភើបរីករាយផង ហើយក៏ជារឿងដ៏លំបាកមួយផងដែរ។ ជាក់ស្តែង អំឡុងពពោះស្ត្រីខ្លះអាចចុះញ៉មនឹងអាការចាញ់កូន ស្ត្រីខ្លះធុញទ្រាន់នឹងទម្រន់ខ្លួន ឯស្ត្រីខ្លះទៀតហាក់រអានឹងការសម្រាលកូន…ជាដើម។ ទោះយ៉ាងនេះក្តី ការពពោះវាជាអំឡុងពេលមួយនៃធម្មជាតិរបស់មនុស្សស្រីដែលត្រូវឆ្លងកាត់ ហេតុដូច្នេះ បើស្ត្រីពពោះមានអារម្មណ៍ពិបាក អ្នកអាចគិតដល់ហេតុផល ៣ យ៉ាង ដែលតាមពិតអ្នកកំពុងធ្វើរឿងដ៏អស្ចារ្យបំផុតនៅក្នុងលោក។
១. បង្កើតជីវិតថ្មី
ភាពអស្ចារ្យបំផុតរបស់ស្ត្រីដែលបុរសមិនអាចធ្វើបាន គឺស្ត្រីជាអ្នកបង្កើតឱ្យមានជីវិតថ្មីមួយមកឃើញពន្លឺនៅលើភពផែនដី។ ស្ត្រីបានបង្កើតគ្រាប់ពូជដ៏តូចមួយ តែអាចលូតលាស់រហូតក្លាយជាមនុស្សពេញលេញ មានកាយសម្បទា មានមុខមាត់ មានអារម្មណ៍ និង ការយល់ដឹង។ អ្នកនឹងរំភើបនៅពេលកូនចាប់ផ្តើមលូតលាស់នៅក្នុងផ្ទៃ ដោយអាចមើលឃើញមុខ និងស្តាប់សំឡេងបេះដូងលោតតាមរយៈការអេកូ។
២. បង្កើតក្តីស្រលាញ់តាំងពីក្នុងផ្ទៃ
អំឡុងពេលពពោះ ជាពេលភ្ជាប់ទំនាក់ទំនងជ្រាលជ្រៅរវាងម្តាយ និង កូនក្នុងផ្ទៃ។ តាំងពីពេលដឹងថាមានកូន អ្នកបានថែទាំ និង ថ្នមខ្លួនដើម្បីឱ្យកូនបានលូតលាស់ប្រកបដោយសុវត្ថិភាព។ នេះជាធម្មជាតិនៃក្តីស្រលាញ់ដែលម្តាយ និង កូនបានបង្កើតឡើងជាមួយគ្នា។ ហើយក្តីស្រឡាញ់មួយនេះនឹងធ្វើឱ្យកូនកើតមកមានភាពស្និទ្ធស្នាលខ្លាំងជាមួយម្តាយ។
៣. ផ្លាស់ប្តូរខ្លួនឯង
ការប្រែប្រួលរាងកាយ និង អ័រម៉ូននៅអំឡុងពពោះ អាចជាបទពិសោធធ្វើឱ្យអ្នករកឃើញនូវអ្វីដែលថ្មីសម្រាប់ខ្លួនឯងដូចជា ខ្លាំងជាងមុន ហ៊ានជាងមុន ចេះអត់ធ្មត់ជាងមុន ជាពិសេសក្លាយជាម្តាយ និងជាស្ត្រីដែលមានទំនុកចិត្ត និង មានភាពរីករាយ។
ជារួមមក ការក្លាយជាស្ត្រីមានគភ៌ វាជាបទពិសោធដ៏អស្ចារ្យ និង ស្រស់ស្អាតបំផុតដែលនាំមកនូវសុភមង្គលបំពេញឱ្យជីវិតកាន់តែមានន័យ។ បើកំពុងពពោះមានអារម្មណ៍ពិបាក ចូរអ្នកគិតដល់ហេតុផលទាំង ៣ ខាងលើ រួមត្រៀមខ្លួនទទួលសមាជិកថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕