ប្រពន្ធកក់ក្តៅពេញបេះដូង បើស្វាមីធ្វើរឿង ៥ យ៉ាងនេះដោយក្តីស្រឡាញ់ នៅថ្ងៃ Mother’s Day
សម្រាប់ឆ្នាំនេះ ថ្ងៃ Mother’s Day ឬទិវាគុណម្តាយនៅលើប្រតិទិនប៉ះថ្ងៃទី ១២ ខែឧសភា។ ចំថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក ស្វាមីទាំងឡាយគួរតែឆ្លៀតធ្វើអ្វីដែលពិសេសសម្រាប់ភរិយាសំណព្វចិត្ត ជាពិសេសភរិយាកំពុងពពោះ។ ទង្វើខ្លះ ទោះតិចតួច តែវាជាសកម្មភាពបង្ហាញពីការបារម្ភ ការស្រឡាញ់ និង ការយល់ចិត្ត ដែលធ្វើឱ្យភរិយាកក់ក្តៅពេញបេះដូង។ ខាងក្រោមនេះជាសកម្មភាព ៥ យ៉ាងដែលស្វាមីគួរធ្វើចំពោះភរិយានៅថ្ងៃ Mother’s Day ឬ ទិវាគុណម្តាយ។
១. សម្អាតផ្ទះ
ជាស្ត្រីមេផ្ទះ ភរិយាតែងចង់ឃើញផ្ទះស្អាតមានរបៀបរៀបរយជានិច្ច។ ជាស្វាមី គួរកុំប្រកាន់ការងារប្រុសស្រី អ្វីដែលជួយបានគឺត្រូវជួយគ្នា។ សព្វមួយដង បើអ្នកមិនទម្លាប់រៀបចំសម្អាតផ្ទះ អ្នកអាចសាកល្បងម្តងមើល ធានាថាប្រពន្ធរបស់អ្នកនឹងញញឹមបិទមាត់មិនជិត។ បើចង់ Surprise ប្រពន្ធ អាចនៅយប់មុនថ្ងៃ Mother’s Day អ្នករៀបចំឱ្យស្អាត ដល់ព្រឹកឡើយប្រពន្ធភ្ញាក់មកឃើញ ពិតជារំភើបមិនខាន។
២. ធ្វើម្ហូបឱ្យប្រពន្ធ ឬ នាំប្រពន្ធចេញទៅញុំាខាងក្រៅ
ជាស្ត្រីមេផ្ទះភរិយារបស់អ្នកតែងតែជាអ្នករៀបចំចម្អិនម្ហូបតាំងពីព្រឹករហូតដល់យប់។ ដល់ថ្ងៃ Mother’s Day អ្នកគួរបង្ហាញការយកចិត្តទុកដាក់ទៅលើនាងម្តង ដោយធ្វើជាចុងភៅចម្អិនអាហារដែលនាងចូលចិត្ត មានអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ដោយឡែក បើអ្នកមិនមានពេលទំនេរច្រើន ឬមិនពូកែធ្វើម្ហូប អ្នកអាចនាំភរិយាចេញទៅខាងក្រៅ ឬដើរលម្ហែមួយថ្ងៃទល់ល្ងាច អាចជាការទៅលម្ហែនៅរីតមានការរៀបចំអាហារជាគូសម្រាប់ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ បើចង់ត្រឹមជិតៗអាចបង្កើតសកម្មភាពដើរលេងផ្សេងៗដែលមានការញុំាអាហារទៅតាមពេលពេញមួយថ្ងៃ។
៣. បំពេញចំណង់ចំណូលចិត្ត
ធ្វើឱ្យពេលវេលាពេញមួយថ្ងៃពោរពេញទៅដោយអត្ថន័យសម្រាប់ភរិយា ដោយនាំភរិយាទៅកន្លែងណាដែលនាងចូលចិត្ត។ ឧទាហរណ៍ ស្ត្រីខ្លះចូលចិត្តដើរទិញសម្លៀកបំពាក់ ស្ត្រីខ្លះចូលចិត្តចូលសាឡនថែសម្រស់ ឯស្ត្រីខ្លះទៀតចូលចិត្តលម្ហែនៅកន្លែងបែបរ៉ូមែនទិក…ជាដើម។ បើមិនដឹងពីចំណូលចិត្តរបស់ភរិយា អ្នកអាចសាកសួរពីមិត្តភក្តិជិតដិតរបស់នាង។ ការដែលសំខាន់ ពេលនៅជិតភរិយា គួរនិយាយពាក្យផ្អែមល្ហែមឱ្យបានច្រើនផងណា៎។
៤. បើមានកូន ឱ្យកូនចូលរួម
ប្រសិនបើមានកូន ច្បាស់ណាស់ ភរិយារបស់អ្នកនឹងចង់មានពេលវេលារីករាយជាលក្ខណៈគ្រួសារ។ ម្យ៉ាងការយកកូនទៅជាមួយ អាចឱ្យគេដឹងថាថ្ងៃនេះជាទិវាគុណម្តាយ គេគួរតែធ្វើអ្វីខ្លះដើម្បីម៉ាក់ៗរបស់គេ។ អ្នកអាចពិភាក្សាជាមួយកូនថាតើគួររៀបចំអ្វី Surprise សម្រាប់ម៉ាក់ៗរបស់គេ ដូចជា មានជាកាដូ ការធ្វើទង្វើ ឬនិយាយពាក្យពេចន៍ជាដើម។ ដើម្បីឱ្យពេលវេលាពេញមួយថ្ងៃរីករាយ អ្នកអាចពិភាក្សាជាមួយកូន និងភរិយា អំពីសកម្មភាព និងកន្លែងដែលពួកគេចង់ទៅ រួចរៀបចំចេញដំណើរតាមលំដាប់លំដោយ។
៥. រៀបចំការរំឭកអនុស្សាវរីយ៍ល្អៗ
អ្នកអាចរំឭកអនុស្សាវរីយ៍ល្អៗដែលភរិយាធ្លាប់ធ្វើដាក់កន្លងមក ហើយលើកសរសើរអំពីភាពអស្ចារ្យរបស់នាង។ អាចជាការជ្រើសរើសវីដេអូចាស់ៗមកបង្កើតជាវីដេអូថ្មី ហើយនិយាយបញ្ចូលសំឡេង អាចជារូបភាពចាស់ៗយកមកបង្ហោះភ្ជាប់មកជាមួយសារ ឬថតវីដេអូជាមួយគ្នានិយាយផ្ទាល់តែម្តង។ បើមានកូន អ្នកអាចឱ្យកូនធ្វើវីដេអូ ឬសរសេរសារនិយាយអំពីភាពអស្ចារ្យរបស់ម៉ាក់ៗគេ ឬលើកពី ៥ ចំណុចដែលកូនស្រលាញ់ម៉ាក់គេខ្លាំងបំផុត៕
ប្រភព៖ allprodad