ស្ត្រេស ៦ យ៉ាង ស្ត្រីពពោះគួរប្រញាប់រំដោះចេញឱ្យអស់ បើមិនដូច្នោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ
បម្រែបម្រួលអ័រម៉ូននៅអំឡុងពពោះអាចធ្វើឱ្យស្ត្រីមានអារម្មណ៍ស្រ្តេសឆាប់ឆេវឆាវ ឆាប់តប់ប្រមល់ខុសសព្វមួយដង។ ស្ត្រេសឬអារម្មណ៍តានតឹងនៅអំឡុងពពោះអាចបង្កជាករណីឈឺក្បាល គេងពុំលក់ គេងពុំស្កប់ និងឡើងកម្តៅខ្លួនជាដើម។ ថ្វីត្បិតស្ត្រេសត្រឹមតែជាអារម្មណ៍ ប៉ុន្តែតាមការសិក្សាស្រាវជា្រវ វាអាចបង្កហានិភ័យចំពោះសុខភាពផ្លូវកាយ ជាពិសេសសម្រាប់ស្ត្រីពពោះ វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ។
តាមរយៈគេហទំព័រ healthline ការស្ត្រេសអំឡុងពពោះអាចធ្វើឱ្យកូនក្នុងផ្ទៃប្រឈមបញ្ហាដូចជា កើតជំងឺក្រិនសរសៃឈាម កើតមិនគ្រប់ខែ កើតមិនគ្រប់គីឡូ ប្រឈមរលូត និងបញ្ហាផ្សេងៗនៅពេលពួកគេធំឡើង។ ចំណោមអារម្មណ៍ស្ត្រេស គេបានរកឃើញស្ត្រេស ៦ យ៉ាងដែលតែងបង្កហានិភ័យប៉ះពាល់ទៅដល់កូន។ ក្នុងនោះមានដូចជា៖ អារម្មណ៍ភ័យខ្លាចរលូតកូន, អារម្មណ៍ភ័យខ្លាចការសម្រាល, អារម្មណ៍មិនស្រួលខ្លួននៅពេលចាញ់កូន, បារម្ភចំពោះការបំពេញការងារមិនបានល្អនៅអំឡុងពពោះ, អារម្មណ៍ភ័យខ្លាចចំពោះការមើលថែកូន និងការបារម្ភអំពីហិរញ្ញវត្ថុចំពោះកូន។
តាមការសិក្សារបស់បណ្តាល័យជាតិវេជ្ជសាស្ត្រ (National Library of Medicine) របស់សហរដ្ឋអាមេរិក បានរកឃើញថា ស្ត្រីដែលស្ត្រេសនៅអំឡុងពពោះ មិនត្រឹមតែប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់រហូតដល់ពួកគេធំឡើងផងដែរ។ ជាក់ស្តែង វាអាចធ្វើឱ្យកូនប្រឈមបញ្ហាម្យ៉ាងហៅថា Attention deficit hyperactivity disorder ឬជំងឺផ្ចង់អារម្មណ៍ ដែលវាទាក់ទងនឹងអាកប្បកិរិយាអន្ទះអន្ទែង ឬនិយាយឱ្យស្រួលយល់ ធ្វើអ្វីមិនចេះគិត ធ្វើអ្វីហួសហេតុ។ ចំណែកការសិក្សាមួយទៀតកាលពីឆ្នាំ ២០១៩ បានបង្ហាញថា វាអាចធ្វើឱ្យកូនវិវត្តទៅជាជំងឺបាក់ទឹកចិត្តនៅពេលពួកគេចូលវ័យជំទង់៕
ប្រភព៖ healthline