ត្រឹមអង្គុយសមាធិ អ្នកស្រាវជ្រាវថាស្ត្រីពពោះទទួលបានអត្ថប្រយោជន៍អស្ចារ្យ ៧ យ៉ាង រហូតដល់ពេលសម្រាល
អំឡុងពពោះអារម្មណ៍អាចឡើងចុះលឿនរហ័ស ជួនរីករាយ ជួនកើតទុក្ខ ជួនក៏ថប់បារម្ភ។ វាជារឿងពិតដែលការមានអារម្មណ៍រីករាយ រាងកាយនឹងល្អប្រសើរ តែបើកើតទុក្ខតប់ប្រមល់វិញ រាងកាយនឹងទទួលរងសម្ពាធ អាចប៉ះពាល់ទាំងម្តាយ និងកូនក្នុងផ្ទៃ។ តាមការសិក្សាជាច្រើន ការសមាធិ ឬ Meditation នៅអំឡុងពពោះ វាជាវិធីមួយដែលអាចជួយរំដោះបាននូវបញ្ហាទាំងនេះ។ «ប្រជាប្រិយ» សូមលើកពីអត្ថប្រយោជន៍ចំនួន ៧ យ៉ាង ដែលការសមាធិពិតជាមានផលវិជ្ជមានចំពោះសុខភាពពពោះ។
១. កាត់បន្ថយស្ត្រេស និងថប់បារម្ភ
ការមានផ្ទៃពោះអាចជារឿងរំភើបរីករាយ តែធាតុពិតវាពោរពេញទៅដោយការភ័យបារម្ភ និងអារម្មណ៍ស្ត្រេស ជាពិសេសស្ត្រីទើបពពោះកូនដំបូង។ ការទម្លាប់សមាធិជាប្រចាំ អាចជួយឱ្យស្ត្រីប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ទាំងនេះបាន។ បើតាមការស្រាវជ្រាវ ការធ្វើសមាធិនៅអំឡុងពពោះអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេស កាត់បន្ថយសម្ពាធរាងកាយ និងកាត់បន្ថយបរិមាណ Cortisol ដែលជាអ័រម៉ូនស្តេរ៉ូអ៊ីត( Steroid) ត្រូវបានគេហៅថាអ័រម៉ូនស្ត្រេស។
២. ជួយសម្ពាធឈាម
អារម្មណ៍ស្ត្រេសច្រើនអាចបង្កការកើនឡើងអ័រម៉ូនស្ត្រេស និងសម្ពាធឈាម។ នៅពេលសម្ពាធឈាមឡើងខ្ពស់ វានឹងកាត់បន្ថយលំហូរឈាមទៅកាន់សុក ដែលជាករណីធ្វើឱ្យទារកមិនទទួលបានគ្រប់គ្រាន់នូវសារធាតុចិញ្ចឹម និងអុកស៊ីសែន ជាហេតុបង្កឱ្យទារកមានការលូតលាស់យឺត កើតមិនគ្រប់ខែ ឬកើតមកមិនគ្រប់គីឡូ។ ដូចនេះ ការសមាធិជាវិធីដ៏អស្ចារ្យដែលអាចធ្វើឱ្យស្ងប់ពីខាងក្នុង ជួយរក្សាសម្ពាធឈាមមានសុខភាពល្អ។
៣. បង្កើនភាពរឹងមាំ
ការសមាធិមិនត្រឹមតែធ្វើឱ្យយើងរឹងមាំផ្លូវចិត្តប៉ុណ្ណោះទេ តែវាថែមទាំងជួយឱ្យរឹងមាំទាំងផ្លូវកាយផងដែរ។ ដូចបានរៀបរាប់នៅខាងដើម ការមានផ្ទៃពោះអាចប្រឈមការប្រែប្រួលអារម្មណ៍ច្រើន សូម្បីរាងកាយក៏ចុះខ្សោយផងដែរ។ ហេតុដូច្នេះ ការមានផ្លូវចិត្ត និងផ្លូវកាយរឹងមាំ វាជួយឱ្យស្ត្រីមិនងាយចុះញ៉មនឹងអ្វីដែលកើតឡើងឡើយ។
៤. បង្កើតទំនាក់ទំនងជាមួយទារក
ការសមាធិអនុញ្ញាតឱ្យអ្នកបង្កើតកន្លែងមួយ និងពេលវេលាមួយដ៏ស្ងប់សុខ ហើយចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយកូនក្នុងផ្ទៃ។ អាចចាប់ផ្តើមដោយការអង្គុយបិទភ្នែក យកដៃដាក់លើពោះ ដកដង្ហើមវែងៗ រួចតាមដានទារកក្នុងផ្ទៃដោយប្រើអារម្មណ៍ និងការស្រមៃរូបភាព។
៥. យល់ដឹងពីរាងកាយ
នៅអំឡុងពពោះមានអ្វីៗជាច្រើនដែលកំពុងកើតឡើងនៅលើរាងកាយ។ ការសមាធិអាចឱ្យយើងយល់ដឹងពីរាងកាយរបស់ខ្លួន និងមានអារម្មណ៍ដឹងពីកន្លែងណាមួយនៃរាងកាយ ដូចជាកន្លែងកំពុងមានបញ្ហាជាដើម។ សូម្បីតែពេលជិតសម្រាល ស្ត្រីក៏អាចមានអារម្មណ៍ដឹងមុនផងដែរ។
៦. ឆាប់ធូរស្បើយក្រោយសម្រាល
កាលណាផ្លូវចិត្ត និងរាងកាយរឹងមាំ សុខភាពក៏អំណោយផលទៅតាមនោះ។ តាមការសិក្សា ស្ត្រីដែលសមាធិជាប្រចាំ អាចធ្វើឱ្យរាងកាយឆាប់ធូរស្បើយបន្ទាប់ពីសម្រាល ជាជាងស្ត្រីដែលមិនបានសមាធិ។
៧. ហ៊ានប្រឈមភាពភ័យខ្លាច
សម្រាប់ស្ត្រីពពោះ រឿងដែលភ័យខ្លាចបំផុត គឺនៅពេលសម្រាលកូន។ការសមាធិជាវិធីមួយដែលជួយឱ្យស្ត្រីយល់ដឹងពីរាងកាយ ដឹងពីអ្វីដែលនឹងកើតឡើង ហើយត្រៀមខ្លួនទប់ទល់នឹងវា។ ដូចជាការសម្រាលកូននេះឯង ស្ត្រីអាចដឹងនៅពេលកូនរៀបនឹងកើត ចេះប្រឹង ចេះប្រើដង្ហើម និងចេះគ្រប់គ្រងអារម្មណ៍៕
ប្រភព៖ nurturedbirth