មេឃប្រែប្រួលមិនទៀង! បើម៉ាក់ៗដាក់រុក្ខជាតិ ៥ ប្រភេទនេះ ដាំក្នុងផ្ទះអាចការពារពីជំងឺផ្តាសាយ
អ្នកប្រហែលជាអស់សំណើចនៅពេលឮថារុក្ខជាតិរស់ក្នុងផ្ទះអាចប្រឆាំងនឹងមេរោគផ្តាសាយ តែធាតុពិតជាក់ស្តែង វាពិតជាដូច្នោះមែន។ សូម្បីអ្នកជំនាញនៅអង្គការ NASA ក៏យល់ស្របដូចគ្នា។ មែនទែនទៅ រុក្ខជាតិលម្អក្នុងផ្ទះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញយូរមកហើយថាវាពិតជាអាចប្រឆាំងនឹងមេរោគផ្តាសាយ។ វាមានថាមពលពីធម្មជាតិក្នុងការបន្សុទ្ធខ្យល់ និងជួយសម្អាតជាតិពុលនៅក្នុងបរិយាកាស។ ជាពិសេសវាអាចជួយសម្អាតខ្យល់ដែលប្រឆាំងទាំងមេរោគផ្តាសាយធម្មតា និងមេរោគផ្តាសាយធំនៅអំឡុងខែភ្លៀងឬអាកាសធាតុត្រជាក់។ ចំណោមរុក្ខជាតិលម្អក្នុងផ្ទះ វាសុទ្ធតែមានសមត្ថភាពបន្សុទ្ធខ្យល់ទៅតាមមុខងារអំណោយផលពីធម្មជាតិរបស់វា។ ដូច្នេះ ប្រសិនបើចង់បានអាវុធការពារក្បែរខ្លួនបន្ថែម ម៉ាក់ៗអាចពិចារណាកំពូលរុក្ខជាតិបន្សុទ្ធខ្យល់ទាំង ៥ នេះ។
១. ប្រទាលពីងពាង (Spider Plant)
បរទេសគេឱ្យឈ្មោះថាប្រទាលពីងពាង ឯយើងច្រើនហៅថា ប្រទាលសារិកា។ វាងាយស្រួលដាំបំផុត ហើយត្រូវបានគេស្គាល់ថាជារុក្ខជាតិផលិតអុកស៊ីហ្សែន ខណៈដែលវានឹងកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (formaldehyde) ឧស្ម័នកាបូនម៉ូណូស៊ីត (carbon monoxide) និងឧស្ម័នគីមី xylene។ រុក្ខជាតិតូចទាប តែថែទាំបរិយាកាសបានកម្រិតខ្ពស់នេះ មានសុវត្ថិភាពចំពោះសត្វចិញ្ចឹម និងកុមារ ដូច្នេះយើងអាចតាំងលម្អខ្ពស់ទាបតាមចំណូលចិត្តដោយមិនបាច់ភ័យខ្លាចប៉ះពាល់ពុលឡើយ។
២. វល្លិអង់គ្លេស (English Ivy)
វល្លិនេះយើងអាចរកវាបាននៅតាមកន្លែងលក់រុក្ខជាតិតាំងលម្អ ដែលភាគច្រើនសុទ្ធសឹងនាំចូលពីក្រៅប្រទេស។ វល្លិអង់គ្លេស មិនត្រឹមតែមានសមត្ថភាពពីធម្មជាតិក្នុងការកាត់បន្ថយផ្សិតនៅក្នុងផ្ទះប៉ុណ្ណោះទេ តែវាក៏ប្រយុទ្ធប្រឆាំងនឹងជាតិពុលក្នុងបរិយាកាសដែលបង្កជំងឺមហារីកស្បែក ដូចជាឧស្ម័នពុលបង់ហ្សែន (benzene) ឧស្ម័នពុលមានក្លិនស្អុយ ហ្វ័រម៉ាដហៃដ៍ (Formaldehyde) និងឧស្ម័ន trichloroethylene។ វានឹងជួយឱ្យខ្យល់អាកាសស្រស់ថ្លាឡើងវិញ ខណៈដែលជាតិពុល VOCs ទាំងឡាយត្រូវបានបន្សុទ្ធ។
៣. ប្រទាលក្រពើ (Aloe Vera)
លើសពីការយកមកទទួលទាន និងប្រើដើម្បីសម្រស់ ប្រទាលក្រពើក៏ជារុក្ខជាតិតាំងលម្អមួយដែលបង្កើនសម្រស់ដល់ផ្ទះ និងអាចជាអាវុធប្រឆាំងនឹងមេរោគក្នុងបរិយាកាសផងដែរ។ ដោយសារប្រទាលក្រពើមានផ្ទុកថាមពលសារធាតុប្រឆាំងការរលាកពីធម្មជាតិ ដូច្នេះវាមានសមត្ថភាពកម្ចាត់ជាតិពុលនៅក្នុងបរិយាកាសបានយ៉ាងល្អដូចជា ឧស្ម័នបង់ហ្សែន (benzene) និងឧស្ម័នពុលមានក្លិនស្អុយហ្វ័រម៉ាដហៃដ៍ (Formaldehyde)។ ជាពិសេស វាជួយសម្អាតខ្យល់នៅកន្លែងបិទជិតដែលយើងតែងសម្រាករយៈពេលយូរ ដូចជាក្នុងបន្ទប់គេងជាដើម។
៤. កូនដូងតាំង (Areca Palm)
បើជាដើមតូចអាចដាក់តាំងលើតុឬធ្នើរ តែបើធំអាចដាក់ជាផើងលម្អអមនឹងសង្ហារិមបង្កើនសោភ័ណភាពមើលទៅទាន់សម័យ ជាពិសេសបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងតែម្តង។ កូនដូងជាដើមឈើដ៏មានថាមពលនៅក្នុងរដូវត្រជាក់ ដោយសារវាជួយបង្កើនអុកស៊ីហ្សែន និងសំណើមនៅក្នុងខ្យល់។ វាមានសមត្ថភាពបន្សុទ្ធខ្យល់ដោយជម្រុះចេញនូវជាតិពុល ព្រមទាំងផ្តល់សំណើម ដែលជាដំណោះស្រាយល្អបំផុតក្នុងការការពារមេរោគធ្វើឱ្យកើតជំងឺផ្សេងៗនៅរដូវត្រជាក់។
៥. ដើមកៅស៊ូខ្មៅ (Rubber Plant)
ដើមនេះមើលទៅសាមញ្ញ តែតាំងលម្អមានលក្ខណៈប្រណីត ឯតម្លៃក៏មធ្យមសមគួរទៅតាមតូចធំ។ វារស់ក្នុងម្លប់សំយោគពន្លឺដោយប្រយោល អាចស្រោចទឹកត្រឹមតែ ១ អាទិត្យម្តងគ្រប់គ្រាន់។ វាស័ក្តិសមបំផុតសម្រាប់ដាក់តាំងលម្អនៅក្នុងបន្ទប់ ព្រោះវានឹងព្យាយាមកម្ចាត់ជាតិពុលពីបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (Formaldehyde) និងសារធាតុបង្កជំងឺមហារីកដែលភាយចេញពីពពួកគ្រឿងស្រោបសង្ហារិមផ្សេងៗ សង្ហារិមឈើ រួមនឹងផលិតផលសម្រស់ដូចជា ថ្នាំក្រចក ទឹកជូតសម្អាតមុខ និងគ្រឿងមួយចំនួនទៀតដែលមានក្លិនក្រអូប៕
ប្រភព៖ amodrn