គភ៌ដល់អាយុ ៥ ខែ ម៉ាក់ៗត្រូវដឹងអំពីការផ្លាស់ប្តូររាងកាយ និង ទារកក្នុងផ្ទៃ
ចំពោះស្ត្រីពពោះ ពីមួយខែទៅមួយខែ គភ៌មានការអភិវឌ្ឍន៍ជាលំដាប់។ ការប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាលតែងមានភាពខុសប្លែកគ្នាជានិច្ច។ ជាក់ស្តែង ពេលគភ៌ដល់អាយុ ៥ ខែ ស្ថិតក្នុងអំឡុងត្រីមាសទី ២ វាមានការលូតលាស់យ៉ាងលឿនរហ័សអាចរីកទំហំពី ១៥-១៦ ស.ម។ សរីរាង្គរបស់ទារកចាប់ផ្តើមចេញរូបរាងកាន់តែច្បាស់ ចំណែកគ្រោងឆ្អឹង និង សាច់ដុំក៏មានលក្ខណៈពេញលេញល្អផងដែរ។ ដូច្នេះហើយ ពេលឈានដល់ដំណាក់កាលនេះ វាជាពេលដែលល្អបំផុតក្នុងការផ្តល់សារធាតុចិញ្ចឹមទៅកាន់កូនតាមរយៈការបរិភោគអាហារល្អៗពីអ្នកម្តាយ។
មកដល់ខែទី ៥ ខណៈផ្ទៃពោះរបស់ម្តាយរីកកាន់តែធំ ចំណង់អាហារក៏ចាប់ផ្តើមមានកាន់តែខ្លាំងផងដែរ។ ទន្ទឹមគ្នានេះ ស្ត្រីអាចជួបបញ្ហាខ្លះៗទាក់ទងនឹងប្រព័ន្ធរំលាយអាហារដូចជា ចុកចុងដង្ហើម រាក និង ទល់លាមក…ជាដើម។
ដើម្បីជំរុញដល់ការអភិវឌ្ឍន៍គភ៌ ស្ត្រីជាម្តាយត្រូវគ្រប់គ្រងទៅលើរបបអាហារ ដោយយកចិត្តទុកដាក់ចម្បងទាំងអាហារដែលត្រូវបរិភោគ និង បរិមាណដែលត្រូវបរិភោគ។ តួយ៉ាង ជាតិដែក និងកាល់ស្យូម គឺជាសារធាតុចិញ្ចឹមដ៏សំខាន់នៅអំឡុងពពោះ ដូចនេះក្រៅពីជ្រើសរើសរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម ស្ត្រីគួរបន្ថែមការប្រើអាហារបំប៉ន ឬ supplement ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់កូន។ ចំពោះអាហារបំប៉ន មុនពេលប្រើប្រាស់ស្ត្រីចាំបាច់ពិភាក្សាជាមួយគ្រូពេទ្យជំនាញផងដែរ៕
ប្រភព៖ VINMIC