ពិតជាមិននឹកស្មាន គភ៌ ៤ ខែញុំាអាហារកាល់ស្យូម អាចជួយឱ្យកូនលូតកម្ពស់នៅពេលធំឡើង
តាមធម្មតា ដំណើរនៃការលូតកម្ពស់របស់មនុស្ស ចាប់ផ្តើមតំាងពីនៅក្នុងផ្ទៃរហូតបន្តដល់វ័យជំទង់។ ក្នុងដំណើរលូតកម្ពស់ អ្នកវិទ្យាសាស្ត្របានបែងចែកឱកាសលូតជា ៣ ដំណាក់កាល និង ឱ្យឈ្មោះថា «ឱកាសមាស» ឬ «Golden Stages » ដែលជាឱកាសអាចជំរុញការលូតកម្ពស់មានប្រសិទ្ធភាពបំផុត។ ជាក់ស្តែង នៅអំឡុងពពោះគឺជាដំណាក់កាលទី ១ ហើយក៏ជាដំណាក់កាលដ៏សំខាន់បំផុតដែលអ្នកម្តាយអាចជួយឱ្យកូនលូតកម្ពស់នៅពេលធំឡើង។
អំឡុងពពោះ ប្រវែងខ្លួនរបស់ទារកអាចលូតលាស់បានល្អ គឺអាស្រ័យទៅលើសារធាតុចិញ្ចឹម និង ស្ថានភាពផ្លូវអារម្មណ៍របស់អ្នកម្តាយ។ នៅពេលគភ៌អាយុ ៤ ខែ ប្រព័ន្ធគ្រោងឆ្អឹងរបស់ទារកនឹងចាប់ផ្តើមផ្គុំឡើង ហើយលូតលាស់យ៉ាងឆាប់រហ័ស។ អំឡុងពេលនេះ ទារកមានតម្រូវការទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេស កាល់ស្យូម ដែលជួយដល់ការលូតលាស់ឆ្អឹង។
ដើម្បីបំពេញដល់កូនផង និង ខ្លួនឯងផង អ្នកម្តាយតម្រូវទទួលទានអាហារណាដែលសម្បូរទៅដោយកាល់ស្យូម។ កាល់ស្យូមអាចជួយពន្លូតប្រវែងកូនក្នុងផ្ទៃ និង មានប្រយោជន៍ជួយដល់ការលូតកម្ពស់នៅពេលកូនធំឡើងផងដែរ។ ពពួកអាហារជាប្រភពកាល់ស្យូមមានដូចជា៖ ទឹកដោះគោ អាហារធ្វើពីទឹកដោះគោ ក្រូច ផ្កាខាត់ណាខៀវ ស្ពៃតឿ ពោតបារាំង តៅហ៊ូ ទឹកសណ្តែក គ្រាប់អាល់ម៉ុន និងត្រីសាឌីន…ជាដើម។
ជាទូទៅ សម្រាប់អ្នកម្តាយមានរបបអាហារត្រឹមត្រូវ សុខភាពផ្លូវចិត្តល្អ សម្រាកបានគ្រប់គ្រាន់ និង ទម្ងន់ឡើងពី ៨-១៥ គីឡូ នោះកូននឹងមានប្រវែងស្តង់ដា ៥០ ស.ម៕