ស្វាមីនឹងស្រឡាញ់ស្ទើរលេប បើភរិយាបង្កើតសកម្មភាព ៥ យ៉ាងនេះនៅថ្ងៃ Father’s Day ស្អែកនេះ
ឱកាសពិសេសៗមានច្រើន ប៉ុន្តែបើពពោះចំអំឡុងខែដែលមានថ្ងៃ «ទិវាគុណឪពុក» នោះការធ្វើឱ្យស្វាមីរំភើបចិត្តគឺជាឱកាសមួយដែលមិនគួររំលង។ ជាភរិយាយល់ចិត្តស្វាមី ឆ្លៀតក្នុងថ្ងៃ Father’s Day ឬ ទិវាគុណឪពុក អ្នកគួរបង្កើតសកម្មភាពណាមួយដែលធ្វើឱ្យស្វាមីសប្បាយចិត្ត។ «ប្រជាប្រិយ» សូមណែនាំសកម្មភាព ៥ យ៉ាង ដែលក្រៅពីធ្វើឱ្យស្វាមីសប្បាយចិត្តហើយនោះ ថែមទាំងជួយបង្កើនភាពស្និទ្ធស្នាល ក៏ដូចជាបង្កើតអនុស្សាវរីយ៍ផងដែរ។
១. ពិកនិកខាងក្រៅ
អ្នកអាចរៀបគម្រោងទៅអង្គុយពិកនិកនៅកន្លែងណាមួយដែលមានទេសភាពធម្មជាតិ និងបរិយាកាសស្រស់ស្រាយ។ អាចនៅសួនច្បារក្បែរៗផ្ទះ ឬមួយមិនចង់គិតច្រើន ទៅរីសតណាមួយដែលនៅក្បែរមាត់ទន្លេឬសមុទ្រ។ អំឡុងពិកនិក អ្នកអាចរៀបចំឬកុម្មង់អាហារណាដែលជាចំណូលចិត្តរបស់ស្វាមី រួមជាមួយភេសជ្ជៈត្រជាក់ចិត្តផងដែរ។ ការពិកនិកជាមួយគ្នាអាចបង្កើតជាអនុស្សាវរីយ៍ចងចាំដ៏ល្អ រួមទាំងទទួលបានអារម្មណ៍សម្រាកផងដែរ។
២. ស្ប៉ាជាលក្ខណៈគូ
ជ្រើសរើសកន្លែងស្ប៉ាណាមួយដែលមានជំនាញ ឬកក់អ្នកជំនាញមកធ្វើនៅផ្ទះ។ ប្រើសេវាកម្មម៉ាស្សាជាគូ ដោយម៉ាស្សាពីក្បាលដល់ចុងជើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវប្រាប់ដល់អ្នកជំនាញ ដើម្បីប្រើក្បាច់ម៉ាស្សាដែលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ការម៉ាស្សាអាចជួយឱ្យអារម្មណ៍សម្រាក ធូរស្រាលពីភាពនឿយហត់ និង អារម្មណ៍តានតឹង។ វាថែមទាំងជួយដល់សុខភាពរាងកាយផងដែរ។
៣. ដើរផ្សារទិញអីវ៉ាន់សម្រាប់កូន
អាចចំណាយពេលដើរផ្សារជាមួយស្វាមី ដោយអនុញ្ញាតឱ្យស្វាមីជាអ្នកសម្រេចចិត្តជ្រើសរើសទំនិញនីមួយៗដូចជា សម្លៀកបំពាក់ ល្បែងលេង និងគ្រឿងសង្ហារិមសម្រាប់កូនជាដើម។ ការឱ្យស្វាមីចូលរួមត្រៀមរបស់របរសម្រាប់កូន អាចធ្វើឱ្យគាត់បានរីករាយចិត្តដោយភ្ជាប់ទំនាក់ទំនងក្នុងនាមជាឪពុក។
៤. ធ្វើម្ហូបជាមួយគ្នា
ជ្រើសរើសម្ហូបណាមួយដែលងាយស្រួលធ្វើឬអាចជាការសាកល្បងធ្វើម្ហូបថ្មីៗ។ អ្នកអាចឱ្យស្វាមីជាអ្នករើសមុខម្ហូប រួចដើរផ្សារជាមួយគ្នា ចម្អិនជាមួយគ្នា និងញុំាជាមួយគ្នា។ បើចង់ផ្អែមល្ហែម អាចធ្វើជានំប៉័ង ការ៉េម ឬបង្អែមជាដើម។
៥. រំឭកអនុស្សាវរីយ៍កន្លែងចាស់
អ្នកអាចឆ្លៀតនាំស្វាមីទៅរម្លឹកអនុស្សាវរីយ៍កន្លែងចាស់ អាចជាកន្លែងជួបគ្នាដំបូង ឬកន្លែងដែលធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍រីករាយបំផុតមុនពេលចាប់ដៃគ្នាជាគូជីវិត។ ការធ្វើដូចនេះ អាចបង្កើតជាអនុស្សាវរីយ៍ល្អពីរក្នុងពេលតែមួយ ដោយមួយរម្លឹករឿងល្អៗនៅកន្លែងចាស់ និងមួយទៀត បង្កើតជាអនុស្សាវរីយ៍ពេលពពោះសម្រាប់ជាការរម្លឹកនៅពេលក្រោយម្តងទៀត៕