ស្វាមីគួរដឹង! ការជះអារម្មណ៍ឆេវឆាវលើប្រពន្ធកំពុងពពោះ អាចធ្វើឱ្យកូនក្នុងផ្ទៃខ្សោយបញ្ញា
មនុស្សម្នាក់ៗមិនរមែងតែមានអារម្មណ៍ល្អរាល់ថ្ងៃនោះទេ ថ្ងៃខ្លះសប្បាយ ថ្ងៃខ្លះកើតទុក្ខ ថ្ងៃខ្លះក៏ស្ត្រេសតប់ប្រមល់កើតជាអារម្មណ៍ឆេវឆាវមួយរំពេច។ ការប្រើអារម្មណ៍ក្រេវក្រោធជះទៅលើភរិយា វាជារឿងដែលមិនគួរឱ្យកើតមានឡើងនៅក្នុងគ្រួសារ។ តែយ៉ាងណាមិញ សម្រាប់ស្វាមីដែលចូលចិត្តជះអារម្មណ៍លើប្រពន្ធ ជាពិសេសប្រពន្ធកំពុងពពោះ វាអាចបង្កផលអាក្រក់ដល់ផ្លូវអារម្មណ៍ ដែលជាករណីប៉ះពាល់ខ្លាំងទៅដល់ទារកក្នុងផ្ទៃ។
ជាទូទៅ អារម្មណ៍មួយម៉ៅ ឆេវឆាវ ខឹងក្រោធ អាចកើតមកពីកត្តាមួយចំនួនដូចជា ស្ត្រេសពីកន្លែងធ្វើការ ស្ថានភាពគ្រួសារ ការមិនទាន់ត្រៀមខ្លួនរួចរាល់ធ្វើជាឪពុក និងបញ្ហាហិរញ្ញវត្ថុ។ អ្នកជាឪពុកនឹងមិននឹកស្មានឡើយ ថាការដែលប្រើអារម្មណ៍ខឹងសម្បាជះទៅលើប្រពន្ធ វាមានផលអាក្រក់ខ្លាំងចំពោះកូនក្នុងផ្ទៃ ជាក់ស្តែង កំហឹងរបស់អ្នកអាចធ្វើឱ្យប្រព័ន្ធអ័រម៉ូនស្ត្រេសរបស់ម្តាយពពោះមានការផ្លាស់ប្តូរ ដោយបង្កើនអ័រម៉ូនស្ត្រេសម្យ៉ាងហៅថា Cortisol បង្កជាករណីប្រឈមទារកស្លាប់ក្នុងផ្ទៃ។ នៅពេលអ័រម៉ូន Cortisol ឡើងដល់កម្រិតខ្ពស់ វានឹងបង្កការបំផ្លាញទៅកាន់ខួរក្បាលទារក អាចធ្វើឱ្យទារកកើតមកមានបញ្ហាផ្លូវចិត្ត។
គេបានសម្គាល់ឃើញថា ការកើតជំងឺបាក់ទឹកចិត្តនៅអំឡុងពពោះ បានកើនឡើងរហូតដល់ទៅ ៧៥ % ចំពោះស្ត្រីដែលរស់នៅទីក្រុង និងស្ត្រីដែលទើបពពោះលើកដំបូង។ ប្រសិនបើស្ត្រីពពោះកើតជំងឺថប់បារម្ភ ស្ត្រេស គេងពុំលក់ វានឹងកាត់បន្ថយមុខងារផ្សេងៗរបស់រាងកាយដូចជា ប្រព័ន្ធការពារ ក្រពេញទីរ៉ូអ៊ីត ក្រពេញអ៊ីប៉ូភីស និង ក្រពេញអាដ្រេណាល់ឬក្រពេញលើតម្រងនោម។
ចំពោះទារកក្នុងផ្ទៃ វាមានការប៉ះពាល់ដោយផ្ទាល់ទៅលើការអភិវឌ្ឍន៍ផ្នែកបញ្ញា និង ផ្លូវអារម្មណ៍ ព្រមទាំងប្រឈមបញ្ហាមួយចំនួនដូចជា ពន្យារការលូតលាស់របស់ស្បូន កើតមុនខែ ពន្យារថ្ងៃកើត ចង្វាក់បេះដូងទារកខ្សោយ កើតមិនគ្រប់គីឡូ បូករួមប្រឈមការសម្រាលដោយការវះកាត់ បញ្ហាសរសៃប្រសាទក្រោយពេលសម្រាល និង ខ្សោយភាពឆ្លាតវៃផងដែរ។
សរុបមក ការធ្វើឱ្យភរិយាឬស្ត្រីពពោះស្ត្រេស វាបង្កផលប៉ះពាល់ខ្លាំងទាំងម្តាយ និង ទារកក្នុងផ្ទៃ។ អ្នកស្រាវជ្រាវបានអះអាងថា នៅពេលស្ត្រីពពោះមានអារម្មណ៍ស្ងប់ ផ្លូវចិត្តរឹងមាំល្អ វាធ្វើឱ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានលឿន និង សម្រាលប្រកបដោយសុវត្ថិភាពផងដែរ៕
ប្រភព៖ iMumz