ការសមាធិជួយច្រើនណាស់សម្រាប់ស្ត្រីពពោះ តស់ម៉ាក់ៗ! មកដឹងពីវិធីសមាធិទាំងអស់គ្នា
អ្នកវិទ្យាសាស្ត្រ និង ខាងវេជ្ជសាស្ត្រ បានទទួលស្គាល់ថាការសមាធិនៅអំឡុងពពោះពិតជាមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចជា កាត់បន្ថយភាពតានតឹង សម្រួលសម្ពាធឈាម បង្កើនភាពរឹងមាំ បង្កើនទំនាក់ទំនងរវាងម្តាយ និង កូនក្នុងផ្ទៃ យល់ដឹងពីរាងកាយ និង ធ្វើឱ្យម្តាយឆាប់ធូរស្រាលក្រោយពេលសម្រាលផងដែរ។ ខណៈការសមាធិមានប្រយោជន៍ច្រើន ជឿជាក់ថាអ្នកម្តាយពពោះគ្រប់រូបប្រាកដជាចង់ចំណាយពេលធ្វើវាមិនខាន។
«ប្រជាប្រិយ» សូមណែនាំពីរបៀបសមាធិតាមលំដាប់លំដោយ តែមុនសមាធិរឿងដែលមិនគួរភ្លេចផងនោះមានដូចជា ៖ ជ្រើសរើសទីតាំងមានខ្យល់ចេញចូល និង ស្ងប់ស្ងាត់ល្អ, ស្លៀកសម្លៀកបំពាក់ងាយបត់បែន និង ស្រួលខ្លួន, មានខ្នើយទន់សម្រាប់កល់ចង្កេះ និង ជើងផងដែរ។ តស់! យើងចាប់ផ្តើមទាំងអស់គ្នា។
អ្នកអាចជ្រើសរើសឥរិយាបថអង្គុយតាមបែបផ្សេងៗទៅតាមភាពងាយស្រួលដូចជា ការអង្គុយពែនភ្នែនឬអង្គុយលុតជង្គង់រាបស្មើ ដែលជាទូទៅការអង្គុយពែនភ្នែនជាឥរិយាបថងាយស្រួលតម្រង់ឆ្អឹងខ្នងបានយូរជាងគេ។ ពេលអង្គុយរួចរាល់ ចាប់ផ្តើមតម្រង់ខ្នងឱ្យត្រង់ ងើយចង្កាតម្រង់តាមឆ្អឹងខ្នង បិទភ្នែក ដកដង្ហើមចូលឱ្យជ្រៅ និង ដកដង្ហើមចេញយឺតៗ តាំងចិត្តឱ្យស្ងប់។ ធ្វើការស្រូបខ្យល់ចូល និង បន្ធូរចេញមួយៗម្តងហើយម្តងទៀត ដោយផ្តោតអារម្មណ៍ទៅលើតែដង្ហើម ស្តាប់សភាពរាងកាយហើយបន្ធូរអារម្មណ៍។
ដើម្បីកុំឱ្យបែកអារម្មណ៍ អ្នកត្រូវតាមដានដំណើរខ្យល់ដង្ហើមចូលតាមរន្ធច្រមុះរហូតចុះទៅក្នុងពោះ។ ប្រសិនបើបែកអារម្មណ៍ ចូរផ្តោតការរាប់ក្នុងចិត្តដោយដង្ហើមចូលរាប់ពី ១ ដល់ ៥ និង ដង្ហើមចេញរាប់ពី ១ ដល់ ៥ ឬអាចតាមដានខ្យល់ចេញចូលនៅចុងច្រមុះក៏បាន។ សម្រាប់អ្នកទើបចាប់ផ្តើមដំបូងអាចនឹងពិបាកប្រមូលអារម្មណ៍នឹងនរ ប៉ុន្តែសូមកុំចុះចាញ់ ត្រូវរមែងដាស់ស្មារតីឱ្យត្រលប់មកស្តាប់ដង្ហើមជានិច្ច នោះអ្នកនឹងមានអារម្មណ៍ល្អស្ងប់ឡើងវិញ។
ចូរកំណត់ដង្ហើមឱ្យបានស្មើរហូតមានអារម្មណ៍ថាដង្ហើមចេញចូលៗតិចទៅៗឬលែងដឹងថាកំពុងដកដង្ហើម។ ចូរកុំដាក់សម្ពាធលើខ្លួនឯងដោយនៅពេលអារម្មណ៍ស្ងប់ អ្នកបណ្តោយការដកដង្ហើមទៅតាមធម្មជាតិរបស់វា។ អ្នកអាចស្រមៃបង្កើតរូបភាពនៅពេលអារម្មណ៍ស្ងប់ដូចជាកំពុងអង្គុយនៅមាត់សមុទ្រ ក្រោមដើមឈើក្នុងព្រៃ ឬលើអាកាស ប៉ុន្តែចូរកុំព្យាយាមស្វែងរកអ្វីមួយនៅក្នុងរូបភាពទាំងនោះដែលអាចធ្វើឱ្យបែកអារម្មណ៍បាន។
ឃើញទេតែប៉ុណ្ណេះ អ្នកអាចសមាធិបាន ដោយមិនចាំបាច់ឆ្ពោះទៅកន្លែងបង្រៀនសមាធិ។ អ្នកអាចចំណាយពេលសមាធិត្រឹមតែ ៥ ទៅ ១០ នាទី រៀងរាល់ថ្ងៃ។ ការសមាធិគួរធ្វើឡើងនៅពេលព្រឹក ជាពេលដែលខួរក្បាលមិនទាន់ប្រមូលផ្តុំទៅដោយភាពស្ត្រេស និង ខ្វាយខ្វល់។ មួយវិញទៀត អ្នកអាចធ្វើនៅមុនពេលចូលគេងដើម្បីរំសាយអស់រាល់ទុក្ខកង្វល់។ គួរជៀសវាងសមាធិនៅក្រោយពេលទទួលទានអាហារ ព្រោះអំឡុងពេលរំលាយអាហារវាធ្វើឱ្យអ្នកមានអារម្មណ៍មិននឹងនរ ជាពិសេសងងុយគេង។ ក្រៅពីការសមាធិ ស្ត្រីពពោះគួរប្រកាន់ខ្ជាប់ទន្ទឹមគ្នានឹងការធ្វើលំហាត់ប្រាណ ទទួលទានអាហារសម្បូរសារធាតុចិញ្ចឹម ផឹកទឹកឱ្យបានច្រើន និង គេងឱ្យបានគ្រប់គ្រាន់ផងដែរ៕