វិធី ៤ យ៉ាងដើម្បីគ្រប់គ្រងការលើសគីឡូអំឡុងពពោះ ជៀសឆ្ងាយពីបញ្ហាសម្ពាធឈាម និងជំងឺទឹកនោមផ្អែម
នៅសប្តាហ៍ទី ៩ នៃអំឡុងពពោះ ស្ត្រីនឹងកត់សម្គាល់ចំណង់អាហារមិនសូវជាខ្លាំងក្លាដូចកាលពី ៣-៤ សប្តាហ៍ដំបូង។ ប៉ុន្តែសូមកុំបារម្ភ នេះវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ជាទូទៅ អ្វីដែលស្ត្រីពពោះភាគច្រើនបារម្ភគឺការលើសគីឡូ ជាក់ស្តែង បើគីឡូឡើងខ្លាំង វាអាចប្រឈមឡើងសម្ពាធឈាម ឬកើតជំងឺទឹកនោមផ្អែម។ ដូចនេះដើម្បីសុវត្ថិភាព «ប្រជាប្រិយ» សូមណែនាំពីវិធី ៤ យ៉ាង ដើម្បីគ្រប់គ្រងគីឡូបានល្អនៅអំឡុងពពោះ។
១. កាត់បន្ថយអាហារមានជាតិខ្លាញ់
ជៀសវាងចំណីចំណុកមានជាតិខ្លាញ់ខ្ពស់ ដូចជាពពួកនំមានគ្រីម នំបំពង និង អាហារមានខ្ទិះច្រើន។ ការបរិភោគអាហារដែលមានកាឡូរីខ្ពស់ ក៏ជាចំណែកមួយធ្វើឱ្យឡើងគីឡូនៅអំឡុងពពោះផងដែរ។ ជាពិសេស វាអាចធ្វើឱ្យស្ត្រីពិបាកទទួលបានរាងដើមត្រលប់មកវិញក្រោយពេលសម្រាល។ ស្ត្រីអាចបរិភោគអាហារដែលគ្មានខ្លាញ់វិញដូចជា អាហារមិនប្រើប្រេងបំពង យ៉ាអួរគ្មានខ្លាញ់ ផ្លែឈើស្រស់ បន្លែ និង គ្រាប់ធញ្ញជាតិជាដើម។
២. កាត់បន្ថយជាតិស្ករ
វេជ្ជបណ្ឌិត និង អ្នកជំនាញខាងអាហាររូបត្ថម្ភបានយល់ស្របទាំងស្រុង ដែលការផឹកភេសជ្ជៈផ្អែមវាមិនល្អចំពោះសុខភាព។ ក្រៅពីទឹកដែលជាជម្រើសល្អបំផុត ស្ត្រីមានចំណង់ផ្អែមអាចថែមចំណិតផ្លែឈើចូលទៅក្នុងទឹកដើម្បីបង្កើនរសជាតិ។
៣. គិតគូរមុនប្រើផលិតផល
មុនប្រើផលិតផលទទួលទានណាមួយ អ្នកត្រូវឆែកមើលការដាក់លម្អិតសារធាតុផ្សំនៅលើសម្បកឬកំប៉ុង។ គួរជ្រើសរើសផលិតផលដែលមានកម្រិតទាបទៅលើ ជាតិស្ករ ជាតិប្រៃ និង ជាតិខ្លាញ់ តែមានហ្វៃប័រខ្ពស់។
៤. ធ្វើលំហាត់ប្រាណ
បើទោះមានផ្ទៃពោះ តែការធ្វើលំហាត់ប្រាណនៅតែមានសារៈសំខាន់។ ជៀសវាងធ្វើលំហាត់ប្រាណធ្ងន់ៗ ដោយមកត្រឹមហាត់បែបស្រាលៗ ដូចជាការដើរ ហែលទឹក ឬហាត់យូហ្គា។ ស្ត្រីអាចហាត់ត្រឹម ១៥ នាទីក្នុងមួយថ្ងៃ ឬពេលមានកម្លាំងពេញអាចហាត់ឡើងដល់ ៣០ នាទីក្នុងមួយថ្ងៃ៕
ប្រភព៖ healthhub