ម៉ាក់ៗគួរដឹង! ពពោះដល់ត្រីមាសទី ២ គួរត្រៀមខ្លួនពិភាក្សារឿងទាំងនេះជាមួយគ្រូពេទ្យ
ឥឡូវនេះ អ្នកពពោះឈានមកដល់ត្រីមាសទី ២ ហើយ វាក៏ដល់ពេលដែលអ្នកចាំបាច់ទៅជួបគ្រូពេទ្យដើម្បីតាមដានសុខភាព ក៏ដូចជាទទួលយកការណែនាំពីគ្រូពេទ្យសម្រាប់ការថែទាំខ្លួន ដើម្បីសុខភាពម្តាយ និង កូនក្នុងផ្ទៃ។ ការណាត់ជួបគ្រូពេទ្យលើកនេះ រវាងអ្នក និង គ្រូពេទ្យនឹងមានសំណួរជាច្រើនដែលត្រូវពិភាក្សា ហើយគ្រូពេទ្យនឹងផ្តល់ការណែនាំមួយចំនួនដោយផ្អែកទៅតាមស្ថានភាពសុខភាពជាក់ស្តែង។ ដូច្នេះ អ្នកគួរត្រៀមខ្លួនពិភាក្សាទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. សកម្មភាពប្រចាំថ្ងៃ ថាតើអ្នកបានធ្វើលំហាត់ប្រាណគ្រាប់គ្រាន់ឬអត់។
២. វិធីក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅអំឡុងពពោះ មិនថាដោយថ្មើរជើង ដោយរថយន្ត ឬក៏យន្តហោះ ។
៣. សុខភាពផ្នែកខាងក្នុង ជាពិសេស សុខភាពមាត់ធ្មេញ និង ការណាត់ជួបទន្តពេទ្យជាប្រចាំ។ សុខភាពមាត់ធ្មេញពិតជាសំខាន់ ព្រោះជំងឺទាក់ទងអញ្ចាញធ្មេញ និង ដង្កូវស៊ីធ្មេញ អាចជាប់ពាក់ព័ន្ធការប្រឈមសម្រាលកូនមុនខែ។
៤. ការចាក់វ៉ាក់សាំងដើម្បីការពារម្តាយ និង កូនពីគ្រុនផ្តាសាយ។ អំឡុងពពោះស្ត្រីងាយប្រឈមកើតផ្តាសាយបំផុត ជាពិសេសនៅរដូវភ្លៀងនេះ។
យ៉ាងណាមិញ ប្រសិនបើមានអ្វីមិនស្រួលឬមិនប្រក្រតី អ្នកគប្បីកត់ទុកសម្រាប់ពិភាក្សាជាមួយគ្រូពេទ្យផងដែរ។ ការជួបគ្រូពេទ្យនៅត្រីមាសទី ២ អាចជាពេលដ៏រំភើបរីករាយមួយ ដោយគ្រូពេទ្យនឹងធ្វើការឆ្លុះអេកូ អាចឱ្យអ្នកបានឃើញពីរូបរាង និង ភេទរបស់កូន។ ដូចនេះបើមានសំណួរផ្ទាល់ខ្លួនទាក់ទងនឹងកូន អ្នកអាចត្រៀមទុកបន្ថែមសម្រាប់ការណាត់ជួបនេះ៕