កើតផ្តាសាយអំឡុងពពោះ ជៀសវាងលេបថ្នាំប៉ះពាល់កូន គួរងាកមកសាកល្បងវិធីងាយៗនេះ
ពេលក្លាយជាស្ត្រីពពោះ អ្វីៗកើតឡើងមកលើខ្លួន វាមិនត្រឹមតែអាចប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងទារកក្នុងផ្ទៃផងដែរ។ ផ្តាសាយជាជំងឺងាយប្រឈមបំផុតនៅរដូវភ្លៀង តែបើស្ត្រីឆ្លងឬកើតជំងឺនេះ យើងសូមណែនាំវិធីព្យាបាលដោយខ្លួនឯងងាយៗ ជៀសវាងការប្រើប្រាស់ថ្នាំ នាំបង្កផលមិនល្អចំពោះសុខភាព ក៏ដូចជាកូនក្នុងផ្ទៃ។
ករណីកើតជំងឺផ្តាសាយជំហានដំបូង ស្ត្រីពពោះអាចអនុវត្ត ៣ ចំណុចធំៗជាប្រចាំគឺ ផឹកទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និង ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ហៗ។ បើអាការៈផ្សេងៗរាងធ្ងន់ជាងមុន អ្នកអាចសាកល្បងតាមវិធីដូចជា៖
- ប្រើផលិតផលទឹកបន្តក់ ឬ ទឹកបាញ់ច្រមុះដើម្បីកាត់បន្ថយសម្បោរ និង ហើមសាច់ច្រមុះ។
- ឆ្ពុងទឹកក្តៅ ឬ ប្រើឧបករណ៍ឆ្ពុងច្រមុះដើម្បីបន្ធូរបន្ថយអាការៈតឹងច្រមុះ។ បើមិនមានឧបករណ៍ឆ្ពុងទេ អាចងូតទឹកក្តៅឧណ្ហៗជំនួសក៏បាន។
- ញុំាស៊ុបមាន់ក្តៅៗដើម្បីជួយបន្ថយការហើមរលាក និង តឹងច្រមុះ។
- ឆុងតែជាមួយទឹកឃ្មុំឬក្រូចឆ្មារលឿង ក្រេបដើម្បីបន្ថយអាការៈឈឺក។
- ប្រើឧបករណ៍ស្អំក្តៅឬត្រជាក់ ស្អំលើថ្ងាសឬច្រមុះដើម្បីបំបាត់ការឈឺចាប់។
តាមធម្មតាផ្តាសាយអាចកើតឡើង និង ធូរស្រាលទៅវិញបន្តិចម្តងៗក្នុងអំឡុងពេលមួយទៅពីរសប្តាហ៍។ តែយ៉ាងណា មានករណីសម្គាល់មួយចំនួនដែលស្ត្រីគួរប្រញាប់ទៅជួបគ្រូពេទ្យផងដែរ។ ករណីទាំងនោះមានដូចជា៖ វិលមុខ, ពិបាកដកដង្ហើម, ឈឺទ្រូងឬថប់ទ្រូង, ហូរឈាមតាមទ្វារមាស, វង្វេងស្មារតី, ក្អួតធ្ងន់ធ្ងរ, គ្រុនក្តៅខ្លាំង និង ទារកលែងសូវកម្រើក៕
ប្រភព៖ Healthline