ចចាមអារ៉ាមតៗគ្នា ញុំាពងក្ងានធ្វើឱ្យកូនកើតមកឆ្លាត តែតាមពិតអ្នកជំនាញថាចាញ់ពងមាន់
ពពោះញុំាពងក្ងានកូនកើតមកដឹងតែឆ្លាត…! នេះជាការនិយាយតៗគ្នាតាំងពីយូរយារ។ កន្លងមកមនុស្សជាច្រើនបានជឿថា ការបរិភោគពងក្ងានអំឡុងពពោះ វានឹងជួយឱ្យកូនកើតមកធំធាត់មានសុខភាពល្អ និង ឆ្លាតវាងវៃ តែតាមពិតអ្នកជំនាញថាវាមិនស្មើនឹងពងមាន់ផងនោះ។ ដើម្បីបញ្ជាក់ថាពិតឬមិនពិត មែនឬមិនមែន អ្នកជំនាញនៅមន្ទីរពេទ្យអន្តរជាតិ VINMEX ស្ថិតក្នុងប្រទេសវៀតណាម បានផ្តល់ការស្វែងយល់ ក៏ដូចជាបកស្រាយដូចខាងក្រោម៖
ជាដំបូង អ្នកគួរដឹងអំពីសារធាតុចិញ្ចឹមដែលមាននៅក្នុងពងក្ងាន។ នៅក្នុងពងក្ងាន ១០០ក្រាមមានផ្ទុកដូចជា៖ ប្រូតេអ៊ីន ១៣ ក្រាម, ខ្លាញ់ lipid ១៤.២ ក្រាម, វីតាមីន A ៣៦០ មីក្រូក្រាម, កាល់ស្យូម ៧១ មីលីក្រាម, ផូស្វ័រ ២១០ មីលីក្រាម, ជាតិដែក ៣.២ មីលីក្រាម, វីតាមីន B1 ០.១៥ មីលីក្រាម, វីតាមីន B2 ០.៣ មីលីក្រាម និង វីតាមីន ០,១ មីលីក្រាម។ បើប្រៀបធៀបជាមួយពងមាន់ ពងក្ងានមានសារធាតុចិញ្ចឹមមិនពេញលេញ និង តិចជាង ជាពិសេស សមាសធាតុដែលផ្ទុកនៅក្នុងពងក្ងានភាគច្រើនជា កូលេស្តេរ៉ុល និង ខ្លាញ់ lipids ដែលមិនល្អចំពោះសុខភាព និង ប្រព័ន្ធសរសៃឈាមបេះដូង។ បើបរិភោគច្រើន អាចប្រឈមលើសទម្ងន់ ធាត់ កើតជំងឺលើសជាតិខ្លាញ់ក្នុងឈាម ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។
មនុស្សមួយចំនួនបានចាត់ទុកពងក្ងានជាអាហារដ៏មានតម្លៃ ដោយសារតែវាកម្រមានលក់នៅលើទីផ្សារ។ អ្នកលក់ខ្លះថែមទាំងដំឡើងតម្លៃ ដោយសារតែមនុស្សឱ្យតម្លៃទៅលើវាផងដែរ។ យ៉ាងណាមិញ ដូចបានរៀបរាប់នៅខាងលើ ធាតុពិតជាក់ស្តែង ពងក្ងានមិនមានសារធាតុចិញ្ចឹមទាំងស្រុងដូចពងមាន់ឡើយ។ ដូច្នេះអាចនិយាយបានថា អ្នកអាចជ្រើសរើសទទួលទានពងមាន់វិញទើបល្អប្រសើរជាង។
មកទល់ពេលនេះ នៅមិនទាន់មានការសិក្សាឬការស្រាវជ្រាវណាមួយដែលអះអាងថា ការបរិភោគពងក្ងានអំឡុងពពោះ អាចជួយជំរុញកូនឆ្លាតតាំងពីក្នុងផ្ទៃឬកើតមកឆ្លាតឡើយ។ ការជួយឱ្យកូនឆ្លាតពីកំណើតបាន មានតែការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមប៉ុណ្ណោះ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍន៍ និង ភាពវ័យឆ្លាតរបស់ទារក។ ហេតុដូចនេះ អ្នកម្តាយគ្រប់រូបគួរគប្បីងាកមកផ្តោតលើរបបអាហារដែលផ្តល់សារធាតុចិញ្ចឹម ជាជាងទទួលទានតាមអ្វីដែលជាពាក្យចចាមអារ៉ាមឬជឿតៗគ្នា៕
ប្រភព៖ VINMEC