សារៈសំខាន់នៃការអនាម័យសម្រាប់ ម៉ាក់ៗពពោះគួរស្វែងយល់ដើម្បីបង្ការមេរោគឆ្លង
ជាមនុស្សស្រី ការអនាម័យគឺជាផ្នែកមួយដ៏សំខាន់ចំពោះសុខភាពទូទៅ។ ហើយវាកាន់តែសំខាន់ទៀត នៅពេលដែលស្ត្រីចាប់ផ្តើមពពោះ។ ការអនាម័យទ្វារមាសអាចបញ្ចៀសពីការឆ្លងមេរោគ ដែលអាចបង្កទៅជាជំងឺផ្សេងៗ។ តស់! ដើម្បីសុខភាព យើងមកស្វែងយល់ទាំងអស់គ្នា។
- តើការមានផ្ទៃពោះប៉ះពាល់ដល់សុខភាពទ្វារមាសយ៉ាងដូចម្តេច?
នៅពេលស្ត្រីមានផ្ទៃពោះ ការផ្លាស់ប្តូរអ័រម៉ូន និង ការបង្កើនលំហូរឈាមនៅក្នុងរាងកាយអាចធ្វើឱ្យតំបន់ទ្វារមាសបញ្ចេញទឹករំអិលកាន់តែច្រើន។ ជាធម្មតាទឹករំអិលមិនមានក្លិន ហើយវានឹងឡើងពណ៌លឿននៅពេលស្ងួត។ ករណីបែបនេះ វាមិនបង្កជាបញ្ហាអ្វីឡើយ តែបើសម្គាល់ឃើញថា ទឹករំអិលមានក្លិន និង ពណ៌ខុសប្រក្រតី វាអាចជាសញ្ញាហានិភ័យ ដែលស្ត្រីគួរប្រញាប់ទៅជួបគ្រូពេទ្យ។
- ហេតុអ្វីការអនាម័យទ្វារមាសមានសារៈសំខាន់?
អំឡុងពពោះ ទ្វារមាសគឺជាច្រកចម្បងមួយ ងាយចម្លងមេរោគចូលទៅក្នុងរាងកាយ។ មេរោគចម្លងមាន ២ សំខាន់ៗ គឺ មេរោគផ្សិត និង បាក់តេរីបង្កឱ្យរលាកទ្វារមាស។ មេរោគផ្សិត ភាគច្រើនវាអាចកើតនៅអំឡុងពពោះត្រីមាសទី ២ ដែលធ្វើឱ្យទឹករំអិលនៅទ្វារមាសបញ្ចេញបានតិច ឡើងពណ៌ស មានក្លិនអាក្រក់ និង បណ្តាលឱ្យរមាស់។ បើទោះករណីនេះមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ ប៉ុន្តែវាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកខ្លួន។
សម្រាប់ Bacterial vaginosis ឬបាក់តេរីទ្វារមាសវិញ វាគឺជាការឆ្លងមេរោគទ្វារមាសមួយដែលស្ត្រីគួរប្រុងប្រយ័ត្ន។ វាកើតឡើងដោយសារអតុល្យភាព រវាងមេរោគល្អ lactobacilli ដែលមានស្រាប់នៅនឹងទ្វារមាសស្ត្រី និង បាក់តេរីអាក្រក់។ ស្ត្រីអាចសម្គាល់ទឹករំអិលទ្វារមាសមានក្លិនដូចឆ្អាបត្រី ហើយវាអាចមានពណ៌ ស បៃតង ឬប្រផេះ ជួនអាចរមាស់។
- តើស្ត្រីគួរធ្វើការសម្អាតទ្វារមាសយ៉ាងដូចម្តេច?
ស្ត្រីអាចអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
- ប្រើទឹកស្អាត និង គ្មានក្លិនក្រអូប លាងសម្អាតទ្វារមាសខាងក្រៅ។
- កុំប្រើទឹកបាញ់ចូលទ្វារមាសលាងផ្នែកខាងក្នុង ព្រោះវាអាចជម្រះនូវបាក់តេរីល្អ និង អាចប្រឈមការឆ្លងមេរោគ។
- កុំយកដៃលូកលាងផ្នែកខាងក្នុងទ្វារមាស ដោយសារទ្វារមាសមានប្រព័ន្ធសម្អាតពីធម្មជាតិរួចជាស្រេច។ វានឹងបញ្ចេញទឹករំអិលរក្សាឱ្យស្អាតដោយខ្លួនឯង។
- កុំសម្អាតទ្វារមាសជាមួយសាប៊ូដុំ ឬជែល ឬសាប៊ូដែលមានក្លិនក្រអូប។ វាអាចបំផ្លាញតុល្យភាពកម្រិត pH និង បាក់តេរីល្អ ដែលជួយរក្សាទ្វារមាសមានសុខភាពល្អ មិនងាយឆ្លងមេរោគ។ ការសម្អាតជាមួយសាប៊ូក្រអូប អាចបង្ករមាស់នៅលើតំបន់ស្បែកដែលងាយប្រតិកម្មផងដែរ៕
ប្រភព៖ mamaxpert