ស្វែងយល់ពីជំងឺស្ត្រូកលើស្ត្រីពពោះ ហានិភ័យ និង ការការពារខ្លួន
ជំងឺស្ត្រូក (Stroke) ឬ ដាច់សរសៃឈាមខួរក្បាល អាចឆក់យកអាយុជីវិតបានគ្រប់ពេល និង មិនប្រកាន់វ័យ។ វាកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានស្ទះ ឬសរសៃឈាមនៅក្នុងខួរក្បាលបែក។ វាអាចបំផ្លាញដល់ផ្នែកនៃខួរក្បាល ធ្វើឱ្យពិការភាព និង អាចស្លាប់ភ្លាមៗ។ ចំពោះស្ត្រីពពោះ ហានិភ័យប្រឈមជំងឺស្ត្រូកអាចមានខ្ពស់ជាងអ្នកធម្មតាផងដែរ។
តាមអ្នកស្រាវជ្រាវ ជំងឺស្ត្រូកលើស្ត្រីពពោះ វាពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរអ័រម៉ូនរាងកាយ និង ការឡើងទម្ងន់ ដែលធ្វើឱ្យបេះដូងលោតញាប់ជាងមុន។ ជំងឺនេះមានភាគរយកើតឡើងខ្ពស់នៅអំឡុងពពោះត្រីមាសទី ៣ និង នៅ ៦ សប្តាហ៍ដំបូងក្រោយពេលសម្រាល។
កត្តាដែលស្ត្រីពពោះប្រឈមកើតជំងឺស្ត្រូករួមមាន៖ ឡើងសម្ពាធឈាមខ្ពស់នៅអំឡុងពពោះ, ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia), ជំងឺទឹកនោមផ្អែមអំឡុងពពោះ និង ការកកឈាម។ ការកើតជំងឺបម្រុងក្រឡាភ្លើង (Preeclampsia) និង ជំងឺទឹកនោមផ្អែមអំឡុងពពោះ ក៏អាចធ្វើឱ្យស្ត្រីប្រឈមកើតជំងឺស្ត្រូក នៅក្រោយពេលសម្រាលពេញមួយជីវិតផងដែរ។
រោគសញ្ញាភ្លាមៗនៃជំងឺស្ត្រូកចំពោះស្ត្រីពពោះមានដូចជា៖ ស្ពឹកមុខ ស្ពឹកដៃ ស្ពឹកជើង ជាពិសេសមួយចំហៀងខ្លួន, អារម្មណ៍ច្របូកច្របល់, ស្រវាំងភ្នែក, ងងឹតមុខ, វិលមុខ, បាត់បង់លំនឹងខ្លួន, ដើរមិនរួច និង ឈឺក្បាលដោយគ្មានមូលហេតុ។ ករណីដឹងរោគសញ្ញាភ្លាម អ្នកក្បែរខ្លួនចាំបាច់ត្រូវបញ្ចូនទៅមន្ទីរពេទ្យឱ្យទាន់ពេល។
ដើម្បីកាត់បន្ថយហានិភ័យជំងឺស្ត្រូកនៅអំឡុងពពោះ មុនពេលមានគភ៌ ស្ត្រីត្រូវយកចិត្តទុកលើរបៀបរស់នៅប្រកបដោយសុខភាពល្អ បូករួមណាត់ជួបគ្រូពេទ្យទៅតាមកាលកំណត់។ មួយវិញទៀត ជៀសវាងជក់បារីឬនៅឱ្យឆ្ងាយពីផ្សែងបារី រក្សាទម្ងន់សុខភាពល្អ បរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ធ្វើលំហាត់ប្រាណហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ និង អនុវត្តតាមដំបូន្មានសុខភាពល្អពីអ្នកជំនាញឬគ្រូពេទ្យ៕
ប្រភព៖ goredforwomen