ឈ្វេងយល់ពីអ្វីគួរ និង មិនគួរធ្វើ នៅអំឡុងពពោះត្រីមាសចុងក្រោយ មានប្រយោជន៍ខ្លាំងចំពោះការសម្រាល
តាមធម្មជាតិ ការពពោះមានរយៈពេល ៤០ សប្តាហ៍ ហើយសប្តាហ៍ទាំងអស់ត្រូវបានបែងចែកជា ៣ ត្រីមាស។ ត្រីមាសទី ៣ ជារយៈសប្តាហ៍ចុងក្រោយ ដែលចាប់ផ្តើមពីសប្តាហ៍ទី ២៨ ដល់ សប្តាហ៍ទី ៤០ នេះជាដំណាក់កាលសំខាន់មួយទៀត ដែលតម្រូវឱ្យអ្នកម្តាយថែទាំសុខភាពឱ្យមែនទែនមុនពេលសម្រាល។
មុនដឹងអំពីការថែទាំសុខភាព «ប្រជាប្រិយ» សូមនាំម៉ាក់ៗមកដឹងអំពីការអភិវឌ្ឍន៍គភ៌នៅអំឡុងត្រីមាសទី ៣ ជាមុនសិន។ ជាការពិតណាស់ អំឡុងសប្តាហ៍ទី ៣២ ឆ្អឹងរបស់ទារកត្រូវបានបង្កើតឡើងពេញលេញ ចំណែកភ្នែកអាចបើក និង បិទ ព្រមទាំងមានញ្ញាណដឹងពន្លឺ។ រាងកាយទារកនឹងចាប់ផ្តើមរក្សាទុកសារធាតុរ៉ែដូចជា ជាតិដែក និង កាល់ស្យូម។
ឈានដល់សប្តាហ៍ទី ៣៦ ជាពេលដែលទារកបង្វិលក្បាល។ ករណីទារកមិនបង្វិលទៅតាមទិសត្រឹមត្រូវ គ្រូពេទ្យនឹងប្រើវិធីសាស្ត្រផ្សេងៗដូចជា វិធីបង្វិលពីខាងក្រៅ ឬតិចនិកម្យ៉ាងដែលភាសាបច្ចេកទេសហៅថា Webster Breech Technique ជាវិធីសាស្រ្តដែលគេធ្វើពេលគភ៌អាយុបាន ៨ ខែ។
តិចនិកនេះធ្វើឱ្យសរីរាង្គក្នុងអាងត្រគាកធូរដូចជា ស្បូន និង សរសៃពួរ ធ្វើដោយគ្រូពេទ្យជំនាញផ្នែកសាច់ដុំ និង ឆ្អឹង។ ករណីនៅតែមិនអាចដោះស្រាយបាន គ្រូពេទ្យនឹងណែនាំវិធីចុងក្រោយ ដែលធ្វើឡើងនៅពេលសម្រាលគឺការវះកាត់។ បន្ទាប់ពីសប្តាហ៍ទី ៣៧ ទារកមានលក្ខណៈពេញលេញ រីឯសរីរាង្គក៏រួចរាល់អាចបញ្ជាមុខងារដោយខ្លួនឯង។
ដើម្បីសុវត្ថិភាពរហូតដល់ថ្ងៃសម្រាល អ្នកម្តាយពពោះគប្បីយកចិត្តទុកដាក់ចំពោះសុខភាព ដោយត្រូវដឹងនូវអ្វីដែលគួរ និង មិនគួរធ្វើ។
អ្វីដែលគួរធ្វើរួមមាន៖
- បន្តប្រើវីតាមីនជំនួយគភ៌។
- រក្សាភាពសកម្មជាមួយការធ្វើចលនារាងកាយ និង លំហាត់ប្រាណ។
- ផ្តោតទទួលទានរបបអាហារមានបន្លែ ផ្លែឈើ អាហារប្រូតេអ៊ីនមានជាតិខ្លាញ់ទាប និង អាហារសម្បូរហ្វៃប័រ។
- ផឹកទឹកឱ្យបានច្រើន។
- ទទួលយកកាឡូរីឱ្យគ្រប់គ្រាន់ (ប្រហែលជាង ៣០០ កាឡូរីក្នុងមួយថ្ងៃ)។
- រក្សាសុខភាពមាត់ធ្មេញ កាលណាសុខភាពមាត់ធ្មេញមិនល្អ វាបង្កការប្រឈមសម្រាលមុនខែ។
- សម្រាក និង គេងឱ្យបានច្រើន។
អ្វីដែលគួរចៀសវាង៖
- ការធ្វើលំហាត់ប្រាណខ្លាំងៗដែលអាចបង្ករបួស
- ភេសជ្ជៈជាតិអាកុល
- កាហ្វេឬតែ (មិនច្រើនជាងមួយពែងក្នុងមួយថ្ងៃ)
- ផ្សែងបារី និង សារធាតុញៀន
- អាហារសមុទ្រឆៅ
- ពពួកត្រីឆ្លាម, ត្រីដាវ(swordfish), ត្រីប៉េការ (mackerel) ឬត្រី white snapper fish ដោយសារត្រីប្រភេទនេះមានជាតិបារតខ្ពស់។
- នៅឱ្យឆ្ងាយពីខ្សាច់ដាក់ឱ្យឆ្មាបន្ទោបង់ វាអាចឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii អាចធ្វើឱ្យទារកគ្រោះថ្នាក់ ឬពិការភាពពីកំណើត។
- ទឹកដោះគោស្រស់ឬផលិតផលធ្វើពីទឹកដោះគោ។
- អាហារសាច់ក្លែម Cold cut ឬ hot dog
- ជៀសវាងប្រើថ្នាំ ព្យាបាលមុន សើស្បែក និង ថ្នាំលើសឈាម។
- ការធ្វើដំណើរផ្លូវឆ្ងាយមិនថាឡានឬយន្តហោះ។ បើចាំបាច់ខានមិនបាន អំឡុងធ្វើដំណើរឧស្សាហ៍តម្រង់ជើង និង ក្រោកដើររៀងរាល់ ១ ទៅ ២ ម៉ោងម្តង។
ជារួមមក ការស្វែងយល់អំពីការថែទាំសុខភាពនៅអំឡុងត្រីមាសចុងក្រោយ វាពិតជាមានប្រយោជន៍សម្រាប់ការត្រៀមខ្លួន ក៏ដូចជាជួយពង្រឹងសុខភាពសម្រាប់ការសម្រាលផងដែរ។ យកចិត្តទុកដាក់ចំពោះខ្លួនអ្នក កូនរបស់អ្នកនឹងអរគុណអ្នកនៅពេលពួកគេចាប់កំណើត៕