ហេតុផលដែលស្រ្តីមានផ្ទៃពោះគួរញ៉ាំទឹកក្រូចច្របាច់ !
ចាប់តាំងពីការមានផ្ទៃពោះបានផ្តល់នូវច្បាប់ជាច្រើនសម្រាប់របបអាហាររួចមក ក៏មានអាហារជាច្រើនដែលស្ត្រីជាម្តាយត្រូវតម និង អាហារខ្លះទៀតត្រូវតែចៀសវាង ដោយសារតែវាអាចបង្កផលប៉ះពាល់ដល់កូនក្នុងផ្ទៃ និង បញ្ហាលើស្ត្រីជាម្តាយផ្ទាល់ ។ យ៉ាងណាក្រូចគឺជាផ្លែឈើជូរៗ ហើយវាប្រហែលជាអាចបង្កការក្រហាយដើមទ្រូងបានដែរ ដូច្នេះទើបមានស្ត្រីជាច្រើនសួរថា តើញ៉ាំទឹកក្រូចច្របាច់ក្នុងពេលមានផ្ទៃពោះជារឿងមានសុវត្ថិភាពឬអត់ ? ចំពោះចម្លើយនោះគឺមានសុវត្ថិភាពសម្រាប់ការញ៉ាំក្នុងកម្រិតមធ្យម ។ ចំពោះហេតុផលវិញ គឺមានដូចខាងក្រោមនេះ ៖
ផ្តល់វីតាមីន C ច្រើន
ទឹកក្រូចច្របាច់ត្រូវបានគេដឹងថា ផ្ទុកទៅដោយវីតាមីន C ដោយចំណុះ ២៣៦.៥ មីលីលីត្រ មានវីតាមីន C ១២៤ មីលីក្រាមទៅហើយ ដែលវាច្រើនជាងតម្រូវការប្រចាំថ្ងៃសម្រាប់ការមានផ្ទៃពោះ រហូតដល់ ១.៤៥ ដងឯណោះ ។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលរាងកាយត្រូវការដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំង និងប្រឆាំងរាល់ការបង្កជំងឺនានាជុំវិញខ្លួន ព្រមទាំងអាចជួយកំចាត់រ៉ាឌីកាល់សេរីដើម្បីការពារទារកក្នុងផ្ទៃថែមទៀត ។
ជំរុញដល់ការបឺតស្រូបជាតិដែក
ការមានផ្ទៃពោះត្រូវការការបង្កើនការទទួលបានជាតិដែកក្នុងខ្លួន ។ សម្រាប់តម្រូវការជាតិដែកក្នុងខ្លួនអាចមានចាប់ពី ១៨ ទៅ ២៧ មីលីក្រាម ហើយអ្នកក៏ត្រូវតែទទួលបានជាតិដែកនេះដោយប្រុងប្រយ័ត្នដែរសម្រាប់ដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ។ ការកង្វះជាតិដែកក្នុងរបបអាហារអាចបណ្តាលឲ្យមានផលវិបាកដូចជា ជំងឺស្លេកស្លាំង សម្រាលកូនមិនគ្រប់ខែ និង ការលូតលាស់កូនក្នុងផ្ទៃមិនបានល្អ ។ ខណៈពេលដែលថ្នាំបំប៉នក្នុងពេលមានផ្ទៃពោះមានជាតិដែកស្រាប់ យកល្អគួរតែទទួលបានជីវជាតិពីចំណីអាហារផង ។ ដើម្បីឲ្យជាតិដែកក្នុងអាហារចូលក្នុងចរន្តឈាមល្អ ទាល់តែមានវត្តមានរបស់វីតាមីន C ។
ផ្តល់ជា Folate ឬ វីតាមីន B9
ទឹកក្រូចច្របាច់ក៏អាចផ្តល់ជាវីតាមីន B9 ដល់រាងកាយដែរ ។ ត្រឹមតែទឹកក្រូចច្របាច់ ២៣៦ មីលីលីត្រ អាចមានវីតាមីន B9 ៧២ ម៉ៃក្រូក្រាមទៅហើយ ខណៈពេលដែលក្រូចស្រស់មួយផ្លែក៏មានវីតាមីននេះ ២៦ ម៉ៃក្រូក្រាមដែរ ។ តម្រូវការវីតាមីន B9 ក្នុងពេលមានផ្ទៃពោះគឺចាប់ពី ៤០០ ទៅ ៦០០ ម៉ៃក្រូក្រាម ។ វីតាមីន B9 សំខាន់ណាស់សម្រាប់ការមានផ្ទៃពោះដំណាក់កាលដំបូង ដើម្បីឲ្យទារកមានការលូតលាស់ពេញលក្ខណៈ ។ ការកង្វះវីតាមីននេះ នាំឲ្យមានការខូចបំពង់សរសៃប្រសាទ រហូតដល់ខូចខួរក្បាល និង ខួរឆ្អឹងខ្នងបាន ។
បញ្ចុះសម្ពាធឈាម
ទឹកក្រូចច្របាច់ជាប្រភពដ៏ល្អមួយនៃជាតិរ៉ែប៉ូតាស្យូម ដោយទឹកក្រូចច្របាច់ ២៣៦.៥មីលីលីត្រមានប៉ូតាស្យូមប្រហែល ៤៩៦មីលីក្រាមទៅហើយ ដែលវាប្រហែលស្មើនឹង ១០ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ប៉ូតាស្យូមសំខាន់ណាស់សម្រាប់សុខភាពបេះដូង តុល្យភាពជាតិទឹកក្នុងខ្លួន និងការរំលាយអាហារ។ វាក៏ជួយសម្រួលដល់សម្ពាធឈាម និងបង្ការជំងឺឡើសសម្ពាធឈាមបាន ដូច្នេះអ្នកអាចនឹងមិនងាយកើតជំងឺត្រៀមក្រឡាភ្លើង កូនកើតមិនគ្រប់ទម្ងន់ និងកើតមិនគ្រប់ខែដែរ។
ផ្តល់ជាអង់ទីអុកស៊ីដង់
ក្រៅពីវីតាមីន C ក្រូចមានសារធាតុ Carotenoids ច្រើនដូចជា Alpha-carotene, Beta-caroten, Lutein និង Zeaxanthin ព្រមទាំង Beta-cryptoxanthin ។ Beta-carotene ត្រូវបានគេរកឃើញថាជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយក្នុងការការពាររាងកាយពីការធ្វើអុកស៊ីតកម្ម និង ការរលាក ។ Lutein និង Zeazanthin ជួយដល់ភ្នែក ។ Beta-carotene ត្រូវបានបំលែងទៅជាវីតាមីន A នៅពេលបឺតស្រូបចូលទៅក្នុងចរន្តឈាម ហើយវាក៏ត្រូវបានគេដឹងថាជួយបង្កើនសុខភាពឆ្អឹង និង ពន្យារពេលការកើតជំងឺពុកឆ្អឹង ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com