នៅចាំទេ? នេះជាអ្នកនាង សួស សុគន្ធថាវរី កំពូលតួឆ្នាសឆ្នើមល្បីកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០
ប្រហែលជាប្រិយមិត្តមួយចំនួនធំនាសម័យនេះមិនអាចស្គាល់មុខ និង ឈ្មោះអតីតតួកុនឆ្នាសឆ្នើមខ្មែរជំនាន់ទសវត្សរ៍ ឆ្នាំ ៨០-៩០ សួស សុគន្ធថាវរី ទេមើលទៅ ព្រោះអតីតតារាសម្តែងរូបនេះ បានដកខ្លួនចាកចេញពីសិល្បៈខ្មែរអស់ជាច្រើនឆ្នាំមកហើយ។
ខណៈពេលដែលមានមហាជនខ្មែរមួយចំនួនធំនាសម័យនេះមិនបានស្គាល់នោះ ក៏នៅមានមហាជនខ្មែរដែលនិយមតាមដានរឿងជំនាន់ឆ្នាំ ៨០-៩០ ខ្លះ ក៏អាចនៅចាំពីអតីតតារាសម្តែងដ៏មានទេពកោសល្យរូបនេះផងដែរ ដោយក្នុងនោះពួកគេក៏ថែមទាំងចង់ដឹងពីសុខទុក្ខ និង ការរស់នៅរបស់អតីតតារាសម្តែងរូបនេះផងដែរ។
ជាការពិតណាស់ តារាសម្តែងឆ្នាសឆ្នើម សួស សុគន្ធថាវរី បានបង្ហាញខ្លួនចូលប្រឡូកសិល្បៈដំបូងនៅឆ្នាំ ១៩៨៧ ហើយរឿងដែលអតីតតារាសម្តែងរូបនេះបានចូលរួមសម្តែងនោះ ភាគច្រើនគឺដើរតួជាតួអង្គកាចឆ្នាសឆ្នើម ដោយក្នុងនោះអតីតតារាស្រី សួស សុគន្ធថាវរី សម្តែងបានយ៉ាងស័ក្តិសមបំផុត។
ទោះបីជាមានទេពកោសល្យសម្តែងតួកាចឆ្នាសឆ្នើម ក៏មានរឿងខ្លះអតីតតារាសម្តែង សួស សុគន្ធថាវរី បានសម្តែងជាតួអង្គឯកផងដែរ។ តាមការឱ្យដឹង រឿងដំបូងដែលអតីតតារាសម្តែងរូបនេះបានសម្តែងនោះ គឺរឿង «យំមួយពាន់ដង» ដែលជាស្នាដៃរបស់កវី គង់ ប៊ុនឈឿន ហើយទាំងនេះគឺជារឿងអតីតតារាសម្តែង សួស សុគន្ធថាវរី បានចូលរួមថត មានដូចជា រឿង «ខុសព្រោះអ្វី?» រឿង «ដំបៅស្នេហ៍» រឿង «ខ្លងខែកបំបែកស្នេហ៍» រឿង «ជួបហើយម្តេចព្រាត់» រឿង «វាសនាកូនកំព្រា» រឿង «ភ្លើងស្នេហ៍ភ្លើងកម្ម» រឿង «ជួបតែទឹកភ្នែក» រឿង «ស្នេហ៍ដូចមេឃនិងដី» រឿង «កវីផ្សងស្នេហ៍» និង រឿង «កំលោះឆ្នាំ ៩៣» ជាដើម ដែលនេះជារឿងចុងក្រោយ។
មិនត្រឹមតែសម្តែងក្នុងខ្សែភាពយន្តប៉ុណ្ណោះទេ អតីតតារាសម្តែងឆ្នាសឆ្នើមរូបនេះ ក៏ធ្លាប់មានស្នាដៃសម្តែងក្នុងបទចម្រៀងខារ៉ាអូខេជាច្រើនបទថែមទៀត។ នៅមានរឿងមួយទៀត ដែលអ្នកគាំទ្រប្រហែលជាមិនដឹង នោះគឺទំនាក់ទំនងរវាងអតីតតារាសម្តែង សួស សុគន្ធថាវរី និង អតីតតារាសម្តែងទឹកភ្នែក សួស សុគន្ធា ដោយអ្នកទាំងពីរគឺជាប្អូនស្រីបង្កើតនឹងគ្នា។
បើនិយាយពីបច្ចុប្បន្នភាពវិញ ក្រោយចាកចេញពីសិល្បៈខ្មែរនៅឆ្នាំ ១៩៩៣ រួចមក អតីតតារាសម្តែងឆ្នាសឆ្នើម សួស សុគន្ធថាវរី ក៏បានបន្សាត់ខ្លួនទៅរស់នៅប្រទេសអាល្លឺម៉ង់ និង ពេលនេះកំពុងរស់នៅយ៉ាងមានក្តីសុខបំផុតជាមួយគ្រួសារ ហើយយូរៗម្តងអតីតតារាសម្តែងរូបនេះ ក៏បានមកលេងស្រុកខ្មែរជួបជុំបងប្អូនផងដែរ៕
ប្រភព ៖ Movies star Research