ឃើញជីវិត សឿ សុធារ៉ា ពិបាកភ្នែកពេក អ្នកដឹកនាំរឿង កៅ សីហា បួងសួងឱ្យនាងឆាប់រកឃើញពន្លឺថ្មី
ខ្សែជីវិតផ្លាស់ប្ដូរដ៏នឹកស្មានមិនដល់របស់អ្នកនាង សឿ សុធារ៉ា ពីមុនធ្លាប់តែជាតារាភាពយន្តដ៏ល្បីល្បាញ មានកេរ្ដិ៍ឈ្មោះ មានគ្រួសារមួយដ៏កក់ក្ដៅ និង មានទ្រព្យសម្បត្តិរស់នៅក្នុងជីវិតល្អប្រសើរ ពេលនេះបានធ្លាក់ដល់ចំណុចសូន្រ បាត់បង់អ្វីគ្រប់យ៉ាង។
នៅក្នុងរយៈពេល ២ ឆ្នាំនេះ អ្នកនាង សឿ សុធារ៉ា បានបាត់បង់អ្នកមានគុណទាំងពីរ ហើយថ្មីៗនេះ បងស្រីជាទីស្រឡាញ់របស់នាង ក៏បានលាចាកលោកនេះទៀត ធ្វើឱ្យនាងពិបាកធ្វើចិត្តទទួលយកនូវការចាកចេញរបស់មនុស្សសំខាន់ៗទាំង ៣ រូប ចេញពីជីវិតយ៉ាងខ្លាំង ម្យ៉ាងពេលនេះ នាងក៏កំពុងមានសម្ពាធបញ្ហាផ្លូវចិត្ត ណាជីវភាពគ្រួសារ ណាត្រូវចិញ្ចើមបីបាច់ថែរក្សាកូនប្រុសស្រីទាំង ២ នាក់តែម្នាក់ឯង។
ដោយឃើញពីទុក្ខលំបាកមិនចេះចប់មិនចេះហើយរបស់អ្នកនាង សឿ សុធារ៉ា បែបនេះ គេក៏បានឃើញអ្នកដឹកនាំរឿង លោក កៅ សីហា ដែលស្រឡាញ់រាប់អាន សឿ សុធារ៉ា ដូចប្អូនស្រី បានបង្ហាញក្ដីអាណិតចំពោះនាងជាពន់ពេក ដោយលោកបានបួងសួងថា ៖ «បងបួងសួងសូមឱ្យជីវិតរបស់ប្អូនឆាប់រកឃើញពន្លឺថ្មី ងើបពីភក់ជ្រាំ ហើយសូមកម្មពៀរ ឬបណ្ដាសាណាក្ដី ឱ្យរលាយសាបសូន្យរសាត់ចេញពីជីវិតរបស់ប្អូនពីពេលនេះតទៅ ហើយពើបប្រទះតែនឹងភាពរីករាយ សុខុដុម និង រកសុភមង្គលផ្លូវចិត្ត និង គូជីវិតមកឃុំគ្រងកូនៗទាំង២ឆាប់ៗ។ អំពើល្អរបស់ប្អូនមិនសាបសូន្យទេ»៕