កុំមើលរំលង! ជំងឺដាច់សរសៃឈាមខួរក្បាល បើប្រហែសនឹងកើតដែលអាចបង្កឱ្យស្ល-ា//ប់ភ្លាមៗក៏មាន ហើយនេះជាអាការ
ជំងឺដាច់សរសៃឈាមខួរក្បាល គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំឱ្យមានឈាមកកនៅក្នុងខួរក្បាល។
ចំពោះផលវិបាកនៃការដាច់សរសៃឈាមនេះ អាចធ្វើឱ្យអ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និង ដោយការសង្កត់នៃដុំឈាម ព្រមទាំងអាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬ ពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើឱ្យមានការកើនឡើងនៃសម្ពាធក្នុងក្បាល។
ចំពោះរោគសញ្ញាមានដូចជា៖
– ឈឺក្បាលខ្លាំង ភ្លាមៗ
– មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬ មុខ)
– វង្វេងស្មារតី ឬ សន្លប់
មូលហេតុដែលជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ការពិសាស្រា និង បារីច្រើន។
ចំពោះការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ឱ្យដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬ ក៏អត់ លោកអ្នកតម្រូវឱ្យធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និង ទំហំនៃដុំឈាមកក ដើម្បីងាយស្រួលឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
សម្រាប់ការព្យាបាលមានដូចជា៖
ក. ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)
– គ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និង តាមដានជាប់លាប់ជាប្រចាំ
– ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
– ការសម្រាក និង ដាក់ក្បាលខ្ពស់ ៣០ ដឺក្រេ។
ខ. ការព្យាបាលដោយការវះកាត់
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ ក្រុមគ្រូពេទ្យធ្វើការវះកាត់នៅពេលដែល៖
– ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
– អ្នកជំងឺឋិតក្នុងសភាពសន្លប់ (GCS ៨-១២)
– ដុំឈាមនៅរាក់ប្រហែល ១ សង់ទីម៉ែត្រ ពីឆ្អឹង៕
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត