ស្ងាត់ទំនាក់ទំនងនឹង នាង សម្បត្តិ ស្រាប់តែ សុខ សារ៉ាវីតា បង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់នេះវិញ
និយាយពីកញ្ញា សុខ សារ៉ាវីតា អតីតកំពូលបេក្ខភាពជើងខ្លាំងនៃកម្មវិធី The Voice Cambodia រដូវកាលទី ៣ ក្រៅពីទទួលបានការចាប់អារម្មណ៍លើសមត្ថភាពវិស័យចម្រៀង កន្លងមកនាងក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជន និង រឿងរ៉ាវស្នេហា ដែលនាងធ្លាប់ត្រូវបានអ្នកគាំទ្រសង្ស័យ និង ចាប់ផ្គូរផ្គង់ជាមួយនឹងលោក នាង សម្បត្តិ។
ចំពោះទំនាក់ទំនងរវាង សុខ សារ៉ាវីតា និង នាង សម្បត្តិ កន្លងមកត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងពីសកម្មភាពរបស់អ្នកទាំងពីរហាក់ខុសពីធម្មតា ដែលតែងបង្ហាញភាពស្និទ្ធស្នាល ទាំងកាយវិការ និង ពាក្យសម្ដីញោះគ្នាមិនដាច់ទាំងលើឆាក និង ក្រៅឆាក ប៉ុន្តែយ៉ាងណាកាលពីថ្មីៗកន្លងទៅ សារ៉ាវីតា ក៏បានចេញបកស្រាយឱ្យដឹងថាអ្នកទាំងពីរគ្រាន់តែជាដៃគូរួមការងារធម្មតាប៉ុណ្ណោះ មិនមានអ្វីលើសពីនេះឡើយ។
ដោយឡែក ក្រោយពីស្ងប់ស្ងាត់ទំនាក់ទំនងជាមួយនឹង នាង សម្បត្តិ មួយរយៈ ស្រាប់តែថ្មីៗនេះ តារាស្រី សុខ សារ៉ាវីតា បានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយបុរសមានរូបរាងសង្ហាម្នាក់ក្នុងឈុតជាគូយ៉ាងស្និទ្ធស្នាល ប៉ុន្តែនាងមិនបានបង្ហាញមុខមាត់បុរសនោះច្បាស់ឡើយ។
ក្នុងនោះ សុខ សារ៉ាវីតា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារអបអរថ្ងៃកំណើតរបស់បុរសរូបនោះ ដោយប្រើពាក្យសម្ដីដ៏ផ្អែមល្ហែមបងអូនដូចគូសង្សារទៀតថា ៖ «Happy birthday រីករាយថ្ងៃកំណើតមនុស្សល្អ អរគុណគ្រប់យ៉ាងដែលនៅពីក្រោយភាពស្អាតរបស់អូន I loveyou»។
យ៉ាងណាមិញ ជាមួយនឹងការបង្ហោះនេះដែរ សុខ សារ៉ាវីតា ក៏ពុំទាន់បានបញ្ជាក់ច្បាស់ថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីនឹងគ្នាទេ ព្រមទាំងតាមរយៈការចែករំលែក និង រូបភាពផ្សេងៗ បុរសក្នុងរូបនោះត្រូវបានគេស្គាល់ថាជាអ្នកផាត់មុខ និង ធ្វើសក់ឱ្យនាងឈ្មោះថា Dé Royal ផងដែរ៕