Oscar Leung ទម្លាយខ្ទេចរឿងធ្វើការនៅ TVB ៨ ឆ្នាំ ទើបបានឡើងប្រាក់ខែ
កន្លងមកឃើញមានអតីតតារាសម្ដែង TVB មួយចំនួនបានត្អូញត្អែរជាសាធារណៈអំពីប្រាក់ខែទាបរបស់ពួកគេ នៅពេលដែលពួកគេបានបម្រើការជាមួយទូរទស្សន៍ហុងកុងនេះ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Oscar Leung បានចែករំលែកអំពីចំនួនប្រាក់ខែដែលគាត់ទទួលបាននៅពេលដែលគាត់ចូលបម្រើការងារនៅ TVB ដំបូងកាលពីឆ្នាំ ២០០៤ ក៏ដូចជាចង់រំឭកអំពីពេលវេលារបស់គាត់ធ្វើការនៅទីនោះផងដែរ។
គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ៤៣ ឆ្នាំរូបនេះ គាត់បានចេញពី TVB ក្នុងឆ្នាំ ២០១៩ ដោយបានផ្លាស់ការងារដោយផ្តោតលើអាជីពរបស់គាត់ នៅក្នុងប្រទេសចិន។
យ៉ាងណាមិញ លោក Oscar គិតថាក្នុងរយៈពេល ១៥ ឆ្នាំដែលគាត់បានសម្ដែងក្នុងរឿងភាគជាង ៥០ រឿងនៅ TVB។ ក្នុងនោះដែរ តារាប្រុសរូបនេះបាននិយាយថា៖ «ប្រាក់ខែរបស់ខ្ញុំបានកើនឡើងពី ៦០០០ ដុល្លារហុងកុង (ប្រហែល ៨០០ដុល្លារអាមេរិក) ក្នុងមួយខែ ដល់ ១៥០០០ ដុល្លារហុងកុង (ប្រហែល ២០០០ដុល្លារអាមេរិក) ពោលគឺ ប្រាំបីឆ្នាំ ក្រោយពីលោកបានចូលបម្រើការងារក្នុងស្ថានីយ TVB និង ទទួលបានប្រជាប្រិយភាពក្នុងរឿង Tiger Cubs»។
តារាប្រុសរូបនេះ បានទម្លាយបន្ថែមថា ៖ «ប្រភពចំណូលថ្មីក៏ល្អជាងមុន ក្រោយមក ខ្ញុំក៏បានឈ្នះពានរង្វាន់ «The Most Improved Male Artiste Awards នៅកម្មវិធី TVB Anniversary Awards ឆ្នាំ ២០១២»។
ទោះជាយ៉ាងណាក៏ដោយ លោក Oscar ក៏បានឆ្លើយតបនឹងមតិសាធារណជនដែលថា TVB ល្បីឱ្យប្រាក់ខែទាបទៅតារារបស់ខ្លួន ដោយបាននិយាយថា៖ «ករណីនេះតែងតែមាន។ ប៉ុន្តែដើម្បីឱ្យមានភាពយុត្តិធម៌ តាមពិតគឺគ្រាន់តែជាស្ថានីយទូរទស្សន៍មួយលំដាប់នៅអាស៊ី។ ស្ថានីយដែលមានចំនួនមនុស្សច្រើនខ្លាំង តែងតែស្ថិតក្រោមសម្ពាធខ្លាំងដែរ ជាពិសេសពេលនេះ»។
ជាមួយគ្នានោះ លោកបានបន្ថែមថា៖ «យើងកុំគិតថាអាចរកលុយបានច្រើនដោយសារក្លាយជាអ្នកសិល្បៈនោះ មិនមែនជាការពិតទេ ក្នុងនាមជាអ្នកសិល្បៈ អ្វីដែលសំខាន់បំផុតគឺត្រូវអភិវឌ្ឍខ្លួនអ្នក។ អ្នកដែលផ្តល់ប្រយោជន៍បំផុតគឺជាខ្លួនរបស់អ្នក»៕