មុនប្រឡូកវិស័យរ៉េប Ruthko ធ្លាប់រៀនធ្វើក្រចក តែមិនសូវកាក់កបទើបប្ដូរអាជីពមកធ្វើជាអ្នករ៉េបវិញ
បច្ចុប្បន្នវិស័យ Hip Hop នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ដោយគេសង្កេតឃើញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសិល្បករដែលមានទេពកោសល្យផ្នែករ៉េបជាច្រើន បានបញ្ចេញបទរ៉េប ធ្វើឱ្យទទួលបានការគាំទ្រ និង ពេញនិយមស្ដាប់ពីទស្សនិកជន។
ក្នុងចំណោមសិល្បករចម្រៀងរ៉េបជាច្រើន ក្នុងនោះលោក Ruthko ត្រូវបានមហាជនស្គាល់ជាតារាចម្រៀងរ៉េបវ័យក្មេងមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រជាច្រើនពីទស្សនិកជន ដោយកន្លងមកលោកធ្លាប់ចេញបទចម្រៀងជាច្រើន មិនថាបទចម្រៀងបែបបកស្រាយជាក្រុម ឬបទចម្រៀងទោសនោះទេ ហើយទេពកោសល្យផ្នែករ៉េបរបស់តារាប្រុសរូបនេះ ធ្វើឱ្យលោកទទួលបានតំណែងជាគ្រូបង្វឹកកម្មវិធីប្រឡងចម្រៀងរ៉េប The Rapper Cambodia កាលពីរដូវកាលទី ១ និង បានក្លាយជាគ្រូបង្វឹកនៅក្នុងកម្មវិធី Rapper Fighter ថែមទៀតផង។
ដោយឡែក បើត្រឡប់ទៅមើលអតីតកាលវិញ តារាចម្រៀងរ៉េបដែលមានឈាមជ័រជាកូនកាត់បារាំងរូបនេះ បានប្រឡូកក្នុងវិស័យរ៉េបមួយនេះតាំងពីអំឡុងចុងឆ្នាំ ២០១៨ ហើយទម្រាំក្លាយជាអ្នករ៉េបមានឈ្មោះបោះសំឡេងដូចសព្វថ្ងៃ Ruthko ធ្លាប់ឆ្លងកាត់ជំនាញការងារជាច្រើនដូចជា រៀនធ្វើក្រចក រៀនផ្នែកកសិកម្មដាំទំពាំងបាយជូរ និង ចិញ្ចឹមគោយកទឹកដោះជាដើម ពេលដែលលោករស់នៅទឹកដីស្រុកកំណើតរបស់ឪពុក នាប្រទេសបារាំង ប៉ុន្ដែលោកហាក់មិនកាក់កបលើជំនាញទាំងនោះឡើយ។
បើស្ដាប់មើលទៅ មុខរបរមុនចាប់យកអាជីពរ៉េបរបស់ Ruthko ហាក់គួរឱ្យប្លែកចិត្តបន្តិច ប៉ុន្ដែមកដល់បច្ចុប្បន្ន លោកបានរកឃើញក្ដីស្រមៃ និង ធ្វើអ្វីដែលលោកស្រឡាញ់យ៉ាងពេញទី៕