លីនណា ឈ្នះប្រអប់អាថ៌កំបាំងមានសិទ្ធិដាក់វិញ្ញាសាឱ្យបេក្ខជនផ្សេង ស្រាប់តែមានអ្នកមិនអស់ចិត្តថានាងលម្អៀង
មហាជននិយមទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ច្បាស់ជាបានជ្រាបហើយថា កាលពីសប្តាហ៍ទី ២១ បេក្ខជន ដែលត្រូវចាកចេញពីកម្មវិធី គឺ អ្នកនាង កែវ វង្សច័ន្ទរស្មី។
ម្យ៉ាងវិញទៀត បេក្ខជន ដែលបានឈ្នះវគ្គប្រអប់អាថ៌កំបាំងកាលពីសប្តាហ៍ទី ២១ គឺ កញ្ញា ប៊ុន លីនណា ដែលនេះជាការឈ្នះលើកទី ៥ សម្រាប់នាង។
ជាក់ស្តែង ក្នុងការឈ្នះប្រអប់អាថ៌កំបាំងកាលពីសប្តាហ៍មុននេះ លីនណា មានសិទ្ធិអាទិភាពចំនួន ២ ដោយទី ១ នាងមានសិទ្ធិជ្រើសរើសបន្លែ ឱ្យបេក្ខជនផ្សេងទៀតទាយពេលពាក់ក្រណាត់បិទភ្នែក និង ទី ២ នាងមានអាទិភាពជ្រើសរើសគ្រឿងផ្សំគោលឱ្យបេក្ខជនផ្សេងទៀតចម្អិន។
យ៉ាងណាមិញ ស្រាប់តែបញ្ចប់ការប្រកួតសប្តាហ៍ទី ២១ មិនបានប៉ុន្មាន លីនណា បានបង្ហោះសាររៀបរាប់ថា មានគេថានាង ដាក់វិញ្ញាសាឱ្យអ្នកនេះស្រួល អ្នកនោះពិបាក និង រហូតមានការឆាតមកជេរនាងទៀតផង។
លីនណា បានរៀបរាប់ថា៖ «គេថាខ្ញុំដាក់ឱ្យអ្នកនេះស្រួល អ្នកនោះអត់ស្រួល why? ខ្ទឹមបារាំងក្រហមគឺស្រួលបំផុត ហិតក្លិនក៏ដឹងភ្លក់ក៏ដឹង ខុសពីបន្លែផ្សេងដែលមិនអាចហិតក្លិនដឹងបាន។ ម្នាក់នេះចាំតែខុស»។ លើសពីនោះ នាងបានខមមិនបន្ថែមថា៖ «អ្នកខ្លះមិនសុខចិត្ត ឆាតមកជេរ! ចឹងខ្ញុំប្រឡងធ្វើអីប្រគល់ពានឱ្យគេហ្មងទៅ?»៕