ថ្មីៗកន្លងទៅនេះ នារីជនជាតិអ៊ុយក្រែនម្នាក់ដែលគេស្គាល់ជាតារា Instagram ដ៏ល្បី មានអ្នកតាមដានជាង ៨ ម៉ឺននាក់ បានបង្កការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានចាក់ Filler ដោយខ្លួនឯងជាច្រើនដងលើមុខ រហូតចេញទម្រង់មុខដូចផ្កាយ។
នារីរូបនេះត្រូវបានគេស្គាល់ឈ្មោះ Anastasiia Pokreshchuk អាយុ ៣២ ឆ្នាំ មានដើមកំណើតមកពីទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដោយបច្ចុប្បន្ននាងកំពុងរស់នៅទីក្រុង Istanbul ប្រទេសតួគី បានឆ្លងកាត់ការកែសម្ផស្សជាច្រើនឆ្នាំមកហើយ ដែលរួមមានដូចជា ការចាក់ Botox, Veneers, កែទម្រង់ចង្កា ថ្គាម និង បូមបបូរមាត់ ជាដើម។
នាង Anastasiia បានឱ្យដឹងថា នាងបានចាប់ផ្តើមប្រើ filler តាំងពីអាយុ ២៦ ឆ្នាំមកម្ល៉េះ ដោយដំបូងនាងបានចាក់វាលើមុខរបស់ខ្លួនឯង តាមការមើលវេជ្ជបណ្ឌិតម្នាក់លើអនឡាញ ដោយនាងបានអះអាងថា «ការចាក់ filler កែសម្ផស្សរបស់នាង គឺបានផ្តល់ទំនុកចិត្តដល់នាងច្រើនជាងសម្រស់ដើមដែលនាងមាន»។
ជាក់ស្តែង កាលពីកន្លងទៅនេះ នាង Anastasiia ក៏បង្ហាញមុខនៅលើកម្មវិធីមួយឈ្មោះ This Morning ដោយនាងបាននិយាយថា មុនពេលដែលបានចាក់ filler ចូលក្នុងផ្ទៃមុខ គឺនាងមើលទៅដូចជា hamster អ៊ីចឹង តែក្រោយពេលចាក់រួច នាងក៏បានមានទំនុកចិត្តលើខ្លួនឯងជាងមុន ដោយថែមទាំងបញ្ជាក់ថា នាងមិនសោកស្តាយឡើយក្រោយការចាក់ ពោលគឺនាងពេញចិត្ត។
ជាមួយគ្នានោះ នាង Anastasiia ក៏បានឱ្យដឹងដែរថា វាអាចមានគ្រោះថ្នាក់មែន ពេលនាងចាក់ filler ដោយខ្លួនឯងកន្លងទៅនោះ ប៉ុន្តែយ៉ាងណាឥលូវនេះ នាងបានស្វែងរកគ្រូពេទ្យជំនាញដើម្បីធ្វើរឿងនេះបន្តហើយ។ ក្នុងនោះនាងក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះសម្ផស្សរបស់ខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ ព្រោះនេះគឺជាអ្វីដែលនាងចូលចិត្ត៕