នេះជាទូក «ង» ខ្មែរវែងជាងគេ «កម្ពោជិកបុត្តាខេមរាតរី» ដាក់ចំណុះបាន ១៧៩ នាក់ ជាប់កំណត់ត្រាពិភពលោក
កម្ពុជា ជាប្រទេសដែលមានប្រជាជនពួតដៃសាមគ្គីគ្នា ផលិតទូក «ង» ដែលមានប្រវែងវែងជាងគេលើពិភពលោក ហើយត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។
កម្ពោជិកបុត្តាខេមរាតរី នេះផងដែរ មានបណ្តោយប្រវែងសរុប ៨៧,៣០ ម៉ែត្រ និង ទទឹងប្រវែង ១,៩៤ ម៉ែត្រ ដែលអាចផ្ទុកចំណុះទូកបានចំនួនសរុប ១៧៩ នាក់ ផលិតឡើងតាមរចនាបថ និង បច្ចេកទេសរបស់កូនខ្មែរ ដែលក្បាលទូកលម្អដោយចម្លាក់រូបក្បាលនាគ និង កន្សៃទូកផ្នែកខាងក្រោយ លម្អដោយចម្លាក់ក្បាច់កន្ទុយហង្ស។
ជាក់ស្ដែង កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាបានបំបែកឯកទគ្គកម្មទូក «ង» វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង ១,៩៤ ម៉ែត្រ និង ដាក់ចំណុះទូកបាន ១៧៩ នាក់ ដែលការរៀបចំកម្មវិធីផលិតដើម្បីបំបែកឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោកនេះ មានគោលបំណងធំៗ ៣ ដូចជា ៖
១. រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និង ការប្រើប្រាស់ទូកងរបស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងនូវស្នាព្រះហស្ថរបស់ព្រះមហាក្រត្សខ្មែរគ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកងជាមធ្យោបាយមួយក្នុងការការពារទឹកដី។
២. ជួយលើកតម្កើងកិត្យានុភាពជាតិដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ។
៣. ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីជាតិនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និង អភិរក្សកេរដំណែលពីដូនតា។
គួរឱ្យដឹងផងដែរថា វត្តមានរបស់ កម្ពោជិកបុត្តាខេមរាតរី ជានិមិត្តរូបនៃព្រលឹងដូនតា ដែលស្ថិតនៅជាមួយយើងជាអមតៈ និង ជាសក្ខីភាពបង្ហាញថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ដែលស្នាដៃដ៏អស្ចារ្យនេះបានរួមចំណែកលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ ជាដើម៕
ប្រភព ៖ សហភាពសហព័ន្ធយុវជនកម្ពុជា