មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមានស្ត្រីជាម្ដាយមួយរូបបានបង្ហោះសារចែករំលែកលើបណ្ដាញសង្គម ដែលកូនតូចរបស់នាងកំពុងគេងសុខៗបែរជាក្រោកយំ ដោយសារត្រូវសត្វមួយប្រភេទបានវារចូលត្រចៀក ក្នុងរដូវធ្លាក់ខ្យល់នេះ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈស្ត្រីជាម្ដាយដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Touj បានបង្ហោះចែករំលែកនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ ដោយណែនាំឱ្យស្ត្រីជាម្ដាយគ្រប់រូបប្រុងប្រយ័ត្នទាំងអស់គ្នា ខណៈនាងបានរៀបចំកន្លែងគេងឱ្យកូនតូច ដោយមុនពេលគេងមើលគ្រប់កន្លែងស្អាតបាតហើយទើបដាក់កូនតូចឱ្យគេង ស្រាប់តែកូនគេងសុខៗងើបមកអង្គុយយំ ភ្លាមៗនោះក៏ស្រាប់តែឃើញសត្វល្អិតមួយប្រភេទវារចេញពីក្នុងត្រចៀក។ ស្ត្រីជាម្ដាយបន្តថា ៖ «សំណាងហើយ វាចេញមកវិញ ចុះបើវាអត់ចេញមិនដឹងកូនឈឺយ៉ាងណា»។
យ៉ាងណាមិញ ចំពោះករណីនេះ គឺជាសារសម្រាប់ឱ្យឪពុកម្ដាយ អាណាព្យាបាលដែលមានកូនតូចៗ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតសម្រាប់កូនតូចៗ ជាពិសេសក្នុងរដូវធ្លាក់ខ្យល់នេះ ដែលងាយមានសត្វល្អិតច្រើនប្រភេទហើរខាំទិច ឬចូលត្រចៀកកូនតូចៗជាដើម៕