ពិធីចុះហត្ថលេខាលើ «លក្ខន្តិកៈក្រុមហ៊ុន» រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុន «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មេត្តាជ្រាបថា ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀតបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីរាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អន្តរក្រសួងមកពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន អ្នកវិនិយោគទុនជាតិ-អន្តរជាតិ និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» នេះ សម្រេចចំនួនសមាសភាពក្រុមប្រឹក្សាភិបាល ៧ រូប ដែល ១ រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា។ ហើយ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។
សូមបញ្ជាក់ថា ក្រុមហ៊ុន «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា» នឹងផ្ដល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និង ជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅលើកស្ទួយការផ្ដល់ ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និង ទស្សនីភាពដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និង និយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និង បន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និង សិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធ ជំនាញ និង ធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និង ផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។
• ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និង វិទ្យុបាយ័ន។
• ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV។ ចំណែកក្រុមហ៊ុន Digital Sky រួមមាន ថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១) ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T (២) ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣) ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT។
• ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និង រស្មីហង្សមាស, ផលិតកម្មWE, Pleng Records, ក្រុមហ៊ុនពិធីការ និង សារព័ត៌មាន ២៤ ម៉ោង។
ព័ត៌មានលម្អិត សូមទំនាក់ទំនង
1. ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប, ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩
2. ក្រុមហ៊ុនទូរទស្សន៍ CBS, ទូរស័ព្ទលេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3. ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប, ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩