ម៉ាលីន និង សំអន ប៉ះគ្នាជាក្រុមតែ ២ នាក់លើកដំបូង ទោះមិនចុះសម្រុងគ្នាមែន តែលទ្ធផល Chef ពេញចិត្តស្ដូក
មកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានចាក់ផ្សាយដល់សប្ដាហ៍ទី ២២ ហើយ ដែលមហាជនអ្នកតាមដានកាន់តែជក់ចិត្តចំពោះការប្រកួតប្រជែងក្នុងផ្ទះយ៉ាងក្ដៅគគុករវាងកំពូលបេក្ខជន Top ៦ នាក់ចុងក្រោយ។
ក្នុងសប្ដាហ៍ទី ២២ នេះដែរ បើចាប់អារម្មណ៍ពីបេក្ខជនឆ្នើម ម៉ាលីន និង សំអន ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានជក់ចិត្តខ្លាំង ខណៈអ្នកទាំងពីរបានប៉ះគ្នាជាដៃគូក្រុមសហការគ្នាក្នុងវិញ្ញាសារប្រកួតវគ្គទី ១ ដើម្បីបញ្ចេញស្នាដៃធ្វើម្ហូបជូនគណៈកម្មការទាំង ៣ រូបឱ្យបានល្អ និង អាចទៅកាន់តំបន់សុវត្ថិភាពក្លាយជាបេក្ខភាពកំពូល Top 5 នៃកម្មវិធី។
ក្នុងវិនាទីនៃការប្រកួតជាដៃគូក្រុមខៀវនេះដែរ ឃើញថា ម៉ាលីន និង សំអន បានចាប់ដៃសហការគ្នា និង បញ្ចេញគំនិតលើមុខម្ហូប ដែល ម៉ាលីន ជាមេក្រុមរបស់ សំអន ដ្បិតតែអ្នកទាំងពីរហាក់មិនសូវចុះសម្រុងស្រុះស្រួលគ្នាបានល្អ និង តឹងទ្រូងរៀងៗខ្លួនមែន ប៉ុន្តែលទ្ធផលនៃការចម្អិនក្នុងវគ្គជាក្រុមនេះ អ្នកទាំងពីរធ្វើបានល្អទាំងការតុបតែងម្ហូប និង រសជាតិ ធ្វើឱ្យគណៈការពេញចិត្តសរសើរខ្លាំង ជាពិសេសគឺបានឈ្នះក្រុមដទៃអាចទៅកាន់តំបន់សុវត្ថិភាពតែម្ដងក្នុងសប្ដាហ៍នេះ៕