(វីដេអូ) អ្នកគាំទ្រស្ដាយសមត្ថភាព និង ការតស៊ូរបស់ ថុល លីណា ពេលត្រឡប់ទៅមើលវីដេអូប្រឡង Cambodian Idol និង X-Factor
មរណភាពរបស់លោក ថុល លីណា បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន មានការសោកស្ដាយជាអនេក និង មានការស្រណោះកើតក្ដីអាណិតដល់រូបលោក ជាពិសេសក្រុមគ្រួសាររបស់លោក ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែក បន្សល់នូវសេចក្ដីទុក្ខសោកសង្រេង និង ការឈឺចាប់យ៉ាងខ្លាំង។
យ៉ាងណាមិញ មិនត្រឹមតែគ្រួសារ សាច់ញាត់បងប្អូន ដែលមានសេចក្ដីទុក្ខសោកចំពោះមរណភាពលោក ថុល លីណា នោះទេ ក្រឡេកមើលមហាជនអ្នកគាំទ្ររបស់លោក ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើនបានបង្ហាញការស្រណោះអាល័យខ្លាំងតាមរយៈការបង្ហោះសារបន្តបន្ទាប់ថាលោក ថុល លីណា កាលនៅរស់គឺជាមនុស្សល្អណាស់។
លើសពីនេះ មហាជនក៏បង្ហាញការនឹកស្រណោះសោកស្ដាយចំពោះសមត្ថភាព និង ទេពកោល្យរបស់លោក ថុល លីណា លើវិស័យចម្រៀង ជាពិសេសពេលរឭកដល់កាលលោកចូលរួមប្រឡូកចម្រៀងដំបូងៗ ដែលបានឃើញការតស៊ូរបស់លោកចូលប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោកម្ដងហើយម្ដងទៀតមិនចុះចាញ់ ពោលគឺធ្លាប់ជាអតីតបេក្ខជនប្រឡងកម្មវិធី Cambodian idol រដូវកាលទី ២ អំឡុងឆ្នាំ ២០១៦ និង បានចូលប្រឡងម្ដងទៀតក្នុងកម្មវិធី X Factor Cambodia កាលពីឆ្នាំ ២០១៩៕
សូមទស្សនាវីដេអូខាងក្រោម៖