ចំណាំមើល! ក្រៅពីចាញ់កូនបែបក្អួត និង ឃ្លានម្ជូរ មានសញ្ញាប្លែកៗ ៦ យ៉ាងនេះអាចកើតឡើង
ពេលចាប់ផ្តើមពពោះ ស្ត្រីគ្រប់រូបតែងរំពឹងអាការចាញ់កូនកើតឡើងតែពីរយ៉ាងគឺមួយក្អួតចង្អោរ និង មួយទៀតឃ្លានអាហារដូចជាម្ជូរ ជាដើម។ យ៉ាងណាមិញ ក្រៅពីសញ្ញាខាងលើ ក៏នៅមានសញ្ញាប្លែកៗជាច្រើនទៀតដែលអាចធ្វើឱ្យស្ត្រីបារម្ភ តែចំណោមនោះមានសញ្ញាមួយចំនួនដ្បិតវាប្លែក តែវាបែរជារឿងធម្មតាទៅវិញ។
១. ឈាមតាមអញ្ចាញធ្មេញ
អំឡុងពពោះ ស្ត្រីអាចមានអាការហើមអញ្ចាញធ្មេញ ដែលវាបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអ័រម៉ូន progesterone និង អ័រម៉ូន estrogen ព្រមជាមួយការកើនឡើងរំហូរឈាម។ តាមរយៈទន្តពេទ្យ Gildo Corradi ដែលល្បីឈ្មោះនៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក លោកបានពន្យល់ថា អញ្ចាញធ្មេញអាចប្រមូលផ្តុំឈាម ដោយបង្កើតជាកន្លែងស្តុកឈាមនៅស្រទាប់ជ្រៅជាមួយជាលិកា ហើយវានឹងហូរឈាមនៅពេលដុសធ្មេញ ឬ ខ្ពុរមាត់។ ករណីសម្គាល់ បើអញ្ចាញហូរឈាមទោះមិនដុសធ្មេញ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះវាអាចមានបញ្ហាទាក់ទងនឹងការរលាកអញ្ចាញ ដែលអាចប៉ះពាល់ទៅដល់សរសៃចងនៅជុំវិញធ្មេញ និង ឆ្អឹង។ ការរលាកអញ្ចាញក៏ទាក់ទងករណីប្រឈម សម្រាលកូនមុនខែ កូនកើតមិនគ្រប់ទម្ងន់ ដាច់សរសៃឈាមខួរក្បាល និង បញ្ហាធ្ងន់ធ្ងរផ្សេងៗ។ អំឡុងពពោះ ទន្តពេទ្យខាងលើបានផ្តល់ដំបូន្មានឱ្យស្ត្រីទៅត្រួតពិនិត្យមាត់ធ្មេញហោចណាស់ ២ ដង មុនពេលសម្រាល។
២. តឹងច្រមុះ
អាការតឹងច្រមុះ ហូរឈាមតាមច្រមុះ និង ស្រមុក សុទ្ធតែកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយ។ ស្ត្រីអាចសម្រួលអាការនេះ ដោយប្រើផលិតផលទឹកបន្តក់ ឬ បាញ់ចម្រុះ ឬ អាចប្រើឧបករណ៍បន្សុទ្ធខ្យល់ ឬ ស្ទីម។
៣. ទល់លាមក
ការកើនឡើងនៃអ័រម៉ូន Progesterone នៅអំឡុងពពោះអាចបណ្តាលឱ្យពន្យារពេលបញ្ជូនអាហារពីក្រពះទៅពោះវៀន ដែលជាករណីបង្កជាទល់លាមក។ មួយវិញទៀត ការប្រើវីតាមីនបំប៉នគភ៌ ក៏អាចជាករណីធ្វើឱ្យរាងកាយស្រូបយកជាតិទឹកច្រើនជាងមុន នាំឱ្យលាមកពិបាករំកិលតាមពោះវៀនផងដែរ។ ដើម្បីសម្រួលអាការទល់លាមក អ្នកជំនាញផ្តល់ដំបូន្មានឱ្យផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និង បរិភោគអាហារសម្បូរជាតិហ្វៃប័រដែលមាននៅក្នុងបន្លែផ្លែឈើ និង គ្រាប់ធញ្ញជាតិ។
៤. ឡើងក្តាំងសរសៃ
អំឡុងពេលទារកចាប់ផ្តើមធំធាត់ វាមានតម្រូវការឈាមច្រើនដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹម និង អុកស៊ីហ្សែន។ អ្នកជំនាញលើកឡើងថា នៅសប្តាហ៍ទី ២០ ចលនាលំហូរឈាមនឹងកើនឡើងជាងមុន ៥០ ភាគរយ ដែលសម្ពាធទាំងនេះនឹងបង្កើតឱ្យសរសៃឈាមមានការអភិវឌ្ឍន៍ ហើយក៏លេចឡើងសរសៃនៅលើស្បែក ផ្តុំគ្នាដូចសំបុកពីងពាង ជួនច្រើនក្តាំងធំៗ ជាពិសេសនៅត្រង់តំបន់កំភួនជើង និងប្រអប់ជើង។ ករណីនេះមិនមានវិធីការពារឡើយ វាអាចនឹងបាត់ទៅវិញនៅពេលសម្រាលរួច តែករណីខ្លះអាចនៅដដែល គ្រាន់តែវាមិនបង្កផលអាក្រក់នោះទេ។
៥. ដុះសាច់តូចៗ
អ្នកប្រហែលជាធ្លាប់បានដឹងមកហើយថា បម្រែបម្រួលអ័រម៉ូននៅពេលពពោះអាចបង្កបញ្ហាលើស្បែកដូចជា ឡើងមុន ប្រតិកម្មជាមួយកម្តៅថ្ងៃ ស្បែកឡើងខ្មៅ និង ជាំ ជាដើម ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលនៅពេលឃើញមានសាច់តូចៗដុះឡើងនៅលើស្បែក ជាពិសេសដុះត្រង់តំបន់ស្បែកកកិតគ្នា ឬ ស្បែកកកិតនឹងសម្លៀកបំពាក់ដូចជា ត្រង់ក ក្លៀក និង ក្រោមសុដន់។ ភាគច្រើនបញ្ហាស្បែកនឹងបាត់ទៅវិញនៅក្រោយពេលសម្រាល តែយ៉ាងណាមិញ សាច់ដុះតូចៗនេះតម្រូវធ្វើការជម្រុះចេញដោយអ្នកជំនាញ។
៦. ស្រវាំងភ្នែក
អំឡុងពពោះរាងកាយនឹងចាប់ផ្តើមហើម ដែលនេះក៏អាចរំខានទៅដល់ភ្នែកធ្វើឱ្យស្រវាំងផងដែរ។ តាមអ្នកជំនាញ កញ្ចក់ភ្នែក និង ស្រទាប់ភ្នែកនឹងឡើងក្រាស់ជាងមុន ហើយគ្រាប់ភ្នែកនឹងរងសម្ពាធដែលធ្វើឱ្យមានការប្រែប្រួលទៅជាស្រវាំង។ បើស្រវាំងញឹកញាប់មិនឈប់ អ្នកគួរទៅជួបគ្រូពេទ្យជំនាញ តែជាធម្មតាវាអាចប្រសើរឡើងវិញនៅក្រោយពេលសម្រាល៕