មិនចាញ់កាបូបប្រ៊េន! ស្បែកជើងផ្ទាត់នៅអារ៉ាប់ ១ គូថ្លៃជាង ១ ពាន់ដុល្លារ ដាក់តាំងលក់ក្នុងទូកញ្ចក់យ៉ាងប្រណីត
ថ្មីៗនេះ សារព័ត៌មាន World Buzz បានរាយការណ៍ពីតម្លៃរបស់ស្បែកជើងផ្ទាត់ដែលលក់នៅប្រទេសអារ៉ាប់ មានតម្លៃរហូតដល់ជាង ១ ពាន់ដុលា្លរក្នុងមួយគូ ថែមទាំងដាក់តាំងក្នុងទូកញ្ចក់តាំងយ៉ាងមិនធម្មតាទៀត។
ជាធម្មតានៅតំបន់អាស៊ីយើងនេះ ស្បែកជើងផ្ទាត់គឺជាស្បែកជើងដែលពេញនិយម ព្រមទាំងមានតម្លៃថោកសមរម្យ ក៏ដូចជាងាយស្រួលទិញជាទីបំផុត ប៉ុន្តែនៅឯប្រទេសអារ៉ាប់ឯណោះវិញ ស្បែកជើងប្រភេទនេះត្រូវបានគេដាក់តាំងសុទ្ធតែនៅក្នុងទូកញ្ចក់ មើលទៅមិនចាញ់ស្បែកជើងប្រ៊េនឡើយ រីឯតម្លៃក៏កប់ពពកដល់ទៅ ៤៥០០ Riyal ឬ ប្រហែល ១២០០ ដុល្លារឯណោះក្នុងមួយគូ។
ដោយក្នុងឃ្លីបវីដេអូ បានបង្ហាញឱ្យឃើញថា ស្បែកជើងផ្ទាត់ជាច្រើនពណ៌ត្រូវបានគេដាក់តាំងនៅក្នុងទូកញ្ចក់ ហើយថែមទាំងមានភ្នាក់ងារបុគ្គលិក ដែលពាក់សុទ្ធតែស្រោមដៃ ចាំជួយណែនាំបង្ហាញពីគុណភាពរបស់ស្បែកជើងទៀត ដែលមើលទៅពិតជាប្រ៊េនហួសតែម្តង។
យ៉ាងណាមិញ រឿងរ៉ាវនេះបានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនដែលឃើញស្បែកជើងផ្ទាត់ឯណាតម្លៃកប់ពពកខ្លាំង ហើយក៏មិនដែលឃើញគេទុកដាក់វាបានយ៉ាងប្រណីតបែបនេះឡើយ ប៉ុន្តែក៏មានអ្នកខ្លះសង្ស័យថា មើលទៅស្បែកជើងនេះគេមិនមែនលក់សម្រាប់ពាក់ឡើយ ប្រហែលជាលក់សម្រាប់ធ្វើអ្វីផ្សេង បានជាវាមានតម្លៃថ្លៃដល់ថ្នាក់នេះ៕
ប្រភព៖ Kapook