ក្ដៅៗ! អ្នកតខ្សែភ្លើងដាក់រ៉ឺម៉ក បណ្ដាលឱ្យក្មេងប្រុសម្នាក់ឆក់ស្ល-ា/-ប់ បានចូលសារភាព និង រៀបរាប់ដើមហេតុ រហូតដល់ការរត់គេចខ្លួន
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោង ១២ យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ មានករណីប្តីប្រពន្ធពីរនាក់ បានតខ្សែភ្លើងជាប់ជាមួយរ៉ឺម៉កការពារគេលួច តែបែរជាត្រូវឆក់ក្មេងប្រុសម្នាក់បាត់បង់ជីវិត នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់គេចខ្លួនបានរយៈពេល ៣ ថ្ងៃ ជនល្មើសក៏បាននាំប្រពន្ធ និង កូនស្រី ចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីទទួលទោសកំហុស នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដោយជនសង្ស័យ មានឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស អាយុ ៥៤ ឆ្នាំ មុខរបរលក់បន្លែ រីឯប្រពន្ធឈ្មោះ សោម ធូ អាយុ ៥២ ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ សន វណ្ណា អាយុ ១៣ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល និង ស្នាក់នៅជាមួយឪពុកម្ដាយនៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិកើតហេតុ។
ជនសង្ស័យ បានសារភាពប្រាប់នគរបាលឱ្យបានដឹងថា គាត់ពិតជាបានរាយខ្សែភ្លើងតជាប់រ៉ឺម៉កមែន ប៉ុន្តែទើបតែដាក់បានរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ដើម្បីទាក់សត្វកណ្ដុរ កុំឱ្យឡើងទៅស៊ីបន្លែ ផ្លែឈើពុំមែនមានគោលបំណងដាក់ឱ្យឆក់មនុស្សនោះទេ ព្រោះថាមនុស្សតែម៉ោង ១១ ឬ ១២ យប់ លែងដើរហើយ គាត់មិនមែនដាក់នៅម៉ោង ៦ ឬ ម៉ោង ៧ នោះទេ គឺម៉ោង ១២ ទើបគាត់ដាក់។ ហើយមិនដឹងថាក្មេងប្រុសរូបនោះទៅឡើងលើរ៉ឺម៉កគាត់ធ្វើអី ទើបបណ្ដាលឱ្យឆក់ស្លាប់។
ជនសង្ស័យបានប្រាប់នគរបាលទៀតថា លុះដល់វេលាម៉ោង ៤ ជិតភ្លឺពេលគាត់ក្រោកដើរចេញពីក្នុងផ្ទះដើម្បីរៀបចំទៅផ្សារ ស្រាប់តែឃើញក្មេងប្រុសរងគ្រោះស្លាប់ គាត់មានការភិតភ័យមិនដឹងជាធ្វើយ៉ាងម៉េច ក៏បានលើកសពដាក់លើរ៉ឺម៉កដឹកចេញពីកន្លែងកើតហេតុតែម្នាក់ឯង រហូតដល់ដើមឈើមួយកន្លែងនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វេលាម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែកក្កដា រួចបោះចោលសពនៅទីនោះ។
បន្ទាប់មកគាត់បានដោះកន្ទុយរ៉ឺម៉កលក់អេតចាយបាន ២៥ ម៉ឺនរៀល ហើយទុកម៉ូតូជិះ ប៉ុន្តែម៉ូតូខូចក៏ទុកផ្ទះជាងធ្វើ រួចជិះម៉ូតូកង់បីទៅស្ពានព្រែកក្ដាម ហើយជិះទៅខេត្តព្រះវិហារ ទៅដល់នៅវេលាម៉ោង ៤ ភ្លឺថ្ងៃទី ២ ខែកក្កដា ពេលនោះបានស្នាក់នៅផ្ទះប្អូនប្រុសបង្កើតបាន ១ ថ្ងៃ ទើបកូនខលទៅឱ្យឪពុកចូលខ្លួនសារភាពតែម្ដង៕
ប្រភព ៖ Fresh News