ពលរដ្ឋឥណ្ឌានាំគ្នាទៅវិហារបួងសួងឱ្យលោកស្រី Harris ឈ្នះឆ្នោត ព្រោះលោកស្រីមានឈាមជ័រឥណ្ឌាពាក់កណ្ដាល
ពលរដ្ឋនៅភាគខាងត្បូងប្រទេសឥណ្ឌា បាននាំគ្នាទៅព្រះវិហារដើម្បីធ្វើការបួងសួងឱ្យលោកស្រី Kamala Harris ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលជាប់សាច់ឈាមជាជនជាតិឥណ្ឌា។
ភូមិ Thulasendrapuram ស្ថិតនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ជាស្រុកកំណើតរបស់ជីតាខាងម្ដាយរបស់បេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។ បែបនេះហើយ ទើបពលរដ្ឋក្នុងតំបន់នេះបាននាំគ្នាទៅកាន់ព្រះវិហារសាសនាហិណ្ឌូដើម្បីថ្វាយផ្កាជូនព្រះ និង សុំបួងសួងឱ្យលោកស្រី Harris ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ។ រូបភាព បដារធំៗជាច្រើនជារបស់លោកស្រី Harris ត្រូវបានឃើញដាក់ចងព្យួរគ្រប់ទីកន្លែងនៅភូមិ Thulasendrapuram ខណៈពលរដ្ឋក្នុងភូមិនាំគ្នាជជែករឿងបោះឆ្នោតនៅអាមេរិកនេះតាមតូបលក់តែនានា។
គួរបញ្ជាក់ថា លោកស្រី Kamala Harris អាយុ ៥៩ ឆ្នាំ មានសាច់ឈាមជាជនជាតិស្បែកខ្មៅ និង អាស៊ី។ ម្ដាយរបស់លោកស្រីបានធ្វើអន្តោប្រវេសន៍មកពីប្រទេសឥណ្ឌា និង ឪពុករបស់លោកស្រីកើតក្នុងគ្រួសារជនជាតិអាហ្វ្រិក-ហ្សាម៉ាអ៊ីក (African-Jamaican)៕
ប្រភព៖ AP