ឈប់ព្រួយ! បើធ្វើតាមវិធីសាស្រ្ត ៣ យ៉ាងនេះ គណនីហ្វេសប៊ុកនឹងមានសុវត្ថិភាព ១០០ ភាគរយ
កាលពីថ្មីៗនេះ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានបង្ហោះសារចែករំលែកពីវិធីសាស្រ្ត ៣ យ៉ាង ដើម្បីបញ្ជាក់ថា គណនីរបស់អ្នកប្រើប្រាស់មានសុវត្ថិភាព ១០០ ភាគរយ គ្មានការឈ្លានពានពីជនខិលខូច។
នាយកដ្ឋានព័ត៌មានវិទ្យា បានលើកឡើងថា បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រង់គណនីហ្វេសប៊ុក ពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់។ គោលបំណងរបស់ជនអនាមិកគឺសំងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗដូចជា បទល្មើសឆបោកប្រាក់ ឬ លួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះ ជាដើម។
ជាមួយគ្នានេះដែរ នាយកដ្ឋានក៏បានកត់សម្គាល់ថា ម្ចាស់គណនីហ្វេសប៊ុកភាគច្រើននៅមិនទាន់អាចដឹងច្បាស់ថា គណនីហ្វេសប៊ុករបស់ខ្លួនកំពុងប្រើប្រាស់នោះមានសុវត្ថិភាព ១០០ ភាគរយនៅឡើយទេ។ ទើបក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បង្ហាញជូនវិធីសាស្ត្រចំនួន ៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃរបស់អ្នក ដើម្បីបញ្ជាក់ថាគណនីមានសុវត្ថិភាពដូចជា ៖
១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ «Menu» នៅខាងក្រោម និង ខាងស្ដាំនៃកម្មវិធីហ្វេសប៊ុក។
២. អូសមកក្រោម រួចចុចលើពាក្យ «Privacy and Security» ដែលមានសញ្ញាកងចក្រ។
៣. ចុចចូលទៅកាន់ «Privacy shortcuts» ត្រង់ចំណុន «Privacy» ចូលទៅកាន់ «Take a Privacy Checkup»។
៤. ត្រង់កន្លែង «Privacy Checkup» ហ្វេសប៊ុកមាន ៦ មុខងារ ដែលអាចពិនិត្យ និង កំណត់ពីឯកជនភាពរបស់អ្នកលើបណ្តាញទំនាក់ទំនងសង្គមបាន ប៉ុន្តែចំពោះមុខងារសុវត្ថិភាព សូមចុចលើពាក្យ «How to keep account secure» រួច អនុវត្តតាមការណែនាំ ៣ ជំហានដូចខាងក្រោម ដើម្បីបើកដំណើរការមុខងារសុវត្ថិភាព៖
ជំហានទី ១. ពាក្យសម្ងាត់ (Your password) ៖ សូមធ្វើការប្តូរពាក្យសម្ងាត់ ដែលជាពាក្យសម្ងាត់រឹងមាំ។
ជំហានទី ២. ដាក់ពាក្យសម្ងាត់ពីរជាន់ (Two-factor authentication)។
ជំហានទី ៣. ដាក់ការជូនដំណឹងពេលមានការចូលគណនី (Login alert) ដើម្បីទទួលបានការជូនដំណឹងអំពីសុវត្ថិភាពនៅពេលមានការព្យាយាម Login) ចូលប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក។
គួរបញ្ជាក់ដែរថា បន្ទាប់ពីអនុវត្ត និង បើកដំណើរការមុខងារ ៣ ជំហានខាងលើរួចរាល់ហើយ លោកអ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិច លួងលោមបោកបញ្ឆោតឱ្យផ្តល់ទិន្នន័យសំខាន់របស់ខ្លួនទៅកាន់ជនអនាមិកផងដែរ ដូចជាល្បិចកលជំរុញឱ្យចុចលើតំណភ្ជាប់ក្លែងក្លាយ (scams link) ជាដើម៕
ប្រភព និង រូបភាពដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា