Tuan Tuan សត្វខ្លាឃ្មុំផេនដា ដែលចិនបានឱ្យជាកាដូទៅតៃវ៉ាន់ បានង-ាប់បាត់ទៅហើយ
ថ្មីៗនេះ សួនសត្វតៃប៉ិ ក្នុងទីក្រុងតៃប៉ិ នៅតៃវ៉ាន់ បានទម្លាយឱ្យដឹងពីដំណឹងសោកសៅមួយថា Tuan Tuan ជាខ្លាឃ្មុំ ដែលចិនបានផ្ញើកាដូមកឱ្យខ្លួន បានងាប់ទៅហើយកាលពីថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ ២០២២ កន្លងទៅ ក្រោយពីបានតស៊ូជាមួយនឹងជំងឺប្រកាច់ឆ្កួតជ្រូកមកជាយូរ។
ក្នុងនោះ គេបានឱ្យដឹងថា Tuan Tuan ដែលមានវ័យ ១៨ ឆ្នាំរូបនេះ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺ កាលពីខែសីហា ឆ្នាំ ២០២២ កន្លងទៅ ដោយវាបានដួលប្រកាច់ ហើយក្រោយមកអាការក៏របស់វាក៏កាន់តែធ្ងន់ធ្ងរទៅៗជារឿយ។
គេក៏បានត្រួតពិនិត្យខួរក្បាលរបស់វាផងដែរ ហើយបានប្រទះឃើញថា មានស្នាមម្យ៉ាង ដែលគេសង្ស័យថាជាដុំសាច់ក្នុងខួរក្បាល ទើបធ្វើឱ្យមានការប្រកាច់បែបនេះ។ ខាងក្រុមពេទ្យសត្វ បានព្យាយាមព្យាបាលវាមិនចាំយូរឡើយ តែអាការមិនបានធូរស្បើយនោះទេ ក្នុងនោះមុនងាប់ប៉ុន្មានថ្ងៃ វាកាន់តែធ្លាក់ខ្លួនធ្ងន់ធ្ងរៗខ្លាំងយ៉ាងគួរឱ្យអាណិត។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៩ កន្លងទៅនេះ ខាងអាជ្ញាធររបស់សួនសត្វបានដាក់ថ្នាំសន្លប់ឱ្យ Tuan Tuan ដើម្បីចង់ថតខួរក្បាលមើលម្តងទៀត ក្រែងលអាចរកផ្លូវព្យាបាលផ្សេងបាន តែដោយសារតែអាការធ្ងន់ពេក ទើបមិនអាចជួយបាន។ គួរឱ្យដឹងដែរថា Tuan Tuan មួយក្បាលនេះ ត្រូវបានប្រទេសចិនផ្ញើមកជាកាដូឱ្យតៃវ៉ាន់ តាំងពីឆ្នាំ ២០០៨ កន្លងទៅមកម្ល៉េះ ហើយទំនាក់ទំនងរបស់ចិន និង តៃវ៉ាន់ ក៏មើលទៅហាក់រលូនតាំងពីពេលនោះមកដែរ៕