សូមកុំច្រឡំ! ទេវតាឆ្នាំថ្មី ឆ្នាំថោះនេះ ទ្រង់ជិះពាហនៈជាសត្វក្របី មិនមែនសត្វទន្សាយទេ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នឹងឈានចូលមកដល់នៅថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល។
ទន្ទឹមទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ដែលនឹងខិតចូលមកដល់នាពេលខាងមុខឆាប់ៗនេះ មានស្រទាប់មហាជនមួយចំនួនតូច ពិសេសក្មេងៗជំនាន់ក្រោយ ដែលមិនបានយល់ច្បាស់ពីពាហនៈនៃទេវធីតាអាចនឹងងាយច្រឡំថា ទេពធីតាឆ្នាំថោះ ទ្រង់ជិះពាហនៈជាសត្វទន្សាយ ដែលជាសត្វតាមឆ្នាំនោះ នេះជាភាពមិនត្រឹមត្រូវនោះឡើយ។
តាមពិតទៅ យានជំនិះទេវតាខុសពីពង្សធាតុនៃទេវតាដែលជាសត្វតាមឆ្នាំ ដោយគ្រប់គ្នាតែងតែគិតថា រាល់ពេលចូលឆ្នាំទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូទ្វីប តែងមានយានជំនិះជាសត្វតំណាងឱ្យឆ្នាំនោះ។ ឧទាហរណ៍ ឆ្នាំជូតជិះកណ្តុរ ឆ្នាំឆ្លូវជិះគោ ឬ ឆ្នាំខាលជិះខ្លា ជាដើម តែការពិតមិនដូច្នោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានជំនិះផ្ទាល់ មិនមែនសត្វតំណាងឆ្នាំទាំង ១២ ឡើយ។
ខាងក្រោមនេះជា ថ្ងៃ និង ព្រះនាមទេពធីតា ព្រមទាំងយានជំនិះ ពេលទ្រង់ចុះគ្រងជម្ពូទ្វីប ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្តខ្មែរ ៖
-ថ្ងៃអាទិត្យ ទេវតានាមនាង ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
-ថ្ងៃចន្ទ ទេវតានាមនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
-ថ្ងៃអង្គារ ទេវតានាមនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
-ថ្ងៃពុធ ទេវតានាមនាង មណ្ឌាទេវី ដែលមានយានជំនិះជាគទ្រភៈ (លា)
-ថ្ងៃព្រហស្បត្តិ៍ ទេវតានាមនាង កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
-ថ្ងៃសុក្រ ទេវតានាមនាង កិមិរាទេវី ដែលមានយានជំនិះជាមហិសារាជ (ស្តេចក្របី)
-ថ្ងៃសៅរ៍ ទេវតានាមនាង មហោទរាទេវី ដែលមានយានជំនិះជាមយូរ (ក្ងោក)
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ៕
ប្រភពរូប ៖ ទទក , ថៃ សាន្ត & ទេពធីតាសង្រ្កាន្ត