ក្ដៅៗ! Yoo Ah In ត្រូវតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ករណីប្រើប្រាស់ថ្នាំញៀន
នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ តារាសម្ដែងកូរ៉េ Yoo Ah In បានបង្ហាញខ្លួននៅតុលាការក្នុងក្រុងសេអ៊ូល ដើម្បីទទួលការសម្រេចចិត្តកាត់ទោសលោកជាផ្លូវការជុំវិញករណីប្រើប្រាស់ថ្នាំញៀនខុសច្បាប់។
ក្នុងនោះ តុលាការបានសម្រេចកាត់ទោសឱ្យ Yoo Ah In ជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ពិន័យជាសាច់ប្រាក់ចំនួន ២ លានវ៉ុន (១៤៩០ ដុល្លារ)។ តារាប្រុសរូបនេះត្រូវបានចាប់ឃុំខ្លួនភ្លាមៗក្រោយតុលាការសម្រេចប្រកាសសាលក្រម។ បន្ថែមពីលើទោសនេះ Yoo Ah In ក៏ត្រូវតម្រូវឱ្យចូលរួមថ្នាក់អប់រំជុំវិញការញៀនគ្រឿងញៀនរយៈពេល ៨០ ម៉ោង រួមនឹងការពិន័យសាច់ប្រាក់បន្ថែម ១.៥៤ លានវ៉ុនទៀត។
គួររំឭកថា តារាសម្ដែង Yoo Ah In រងការចោទប្រកាន់លើករណីជាច្រើន។ ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ ខាងអយ្យការបានស្នើតុលាការឱ្យកាត់ទោសតារាសម្ដែងរូបនេះឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និងពិន័យជាសាច់ប្រាក់ ២ លានវ៉ុន ជុំវិញករណីប្រើប្រាស់ថ្នាំហាមឃាត់ propofol និង ទិញថ្នាំងងុយដេកខុសច្បាប់ ក្រោមឈ្មោះរបស់អ្នកដទៃ។ យ៉ាងណាមិញ ខាងក្រុមការពារក្ដីឱ្យ Yoo Ah In បានស្នើសុំការបន្ធូរបន្ថយទោស ដោយលើកឡើងថារូបលោកកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ មានជំងឺថប់បារម្ភ និង គេងមិនលក់៕
ប្រភព៖ Kenh14