ថ្មីៗនេះ មានគ្រូពេទ្យជនជាតិតៃវ៉ាន់ម្នាក់ បានទម្លាយបទពិសោធដ៏គួរឱ្យហួសចិត្តអស់សំណើចក្នុងការពិនិត្យអ្នកជំងឺម្នាក់ ដោយបានពិនិត្យឃើញមានគ្រាប់ចម្លែកយ៉ាងច្រើននៅក្នុងក្រពះរបស់អ្នកជំងឺ ខំបារម្ភថាអាចកើតរោគអាក្រក់ តែតាមពិតជាគ្រាប់តែគជ់សោះ។
គ្រូពេទ្យបានរៀបរាប់ឱ្យដឹងថា ខ្លួនបានធ្វើការថតស្កេនទៅលើពោះរបស់បុរសជាអ្នកជំងឺម្នាក់ ហើយក៏បានឃើញមានគ្រាប់អ្វីម្យ៉ាងនៅក្នុងនោះប្រហែលជា ២០ គ្រាប់ កំពុងផ្តុំគ្នាយ៉ាងកកកុញ។ ដំបូងឡើយគ្រូពេទ្យកើតការបារម្ភចំពោះអ្នកជំងឺ ព្រោះគិតថាអាចជារោគអាក្រក់ណាមួយ ទើបបានហៅអ្នកជំងឺមកប្រាប់ពីលទ្ធផល និង សួរនាំបន្ថែម។
យ៉ាងណាមិញ ចុងក្រោយក៏ក្លាយទៅជារឿងអស់សំណើច ដោយអ្នកជំងឺបានប្រាប់ថា ខ្លួនទើបតែទទួលទានតែគជ់ហើយមុននេះ ហើយមិនបានទំពាឱ្យសព្វល្អឡើយគឺលេបយកៗ នេះបញ្ជាក់ឱ្យដឹងថា គ្រាប់នៅក្នុងពោះនោះ តាមពិតគឺជាគ្រាប់តែគជ់នេះឯង៕
ប្រភព៖ Khaosod