រលកធនធានជំនាន់ថ្មី សុទ្ធតែពោរពេញទៅដោយចំណេះជំនាញ បទពិសោធ និង គំនិតច្នៃប្រតិដ្ឋខ្ពស់ ទំាងនៅក្នុងអាជីពការងារ ក៏ដូចជាជំនួញអាជីវកម្ម។ ចំណោមបុគ្គលខ្លាំងវ័យក្មេងជាច្រើន យើងសូមលើកពីបុគ្គល ៥ រូប ដែលពួកគេមានភាពលេចធ្លោ ខ្លះជាស្ថាបនិក ខ្លះជាអ្នកដឹកនាំ ឯខ្លះទៀតពោរពោញដោយទេពកោសល្យ ដែលក្លាយជាកម្លាំងជំរុញចិត្តដល់យុវជនជំនាន់ក្រោយ។
១. លោក បូរ៉ា តុងហេង
វ័យទើបតែ ២៦ ឆ្នាំ លោក បូរ៉ា តុងហេង គឺជាប្រធាន និង ជាជំនាន់ទីពីរនៃ HengChhayly Group ដែលមានអាជីវកម្មតំបន់ទេសចរណ៍កម្សាន្តហៅថា ឡូរីជើងភ្នំបាណន់។ ជាប្រធានវ័យក្មេង មុខមាត់សង្ហា លោកអំណោយផលមកទាំងព្រម ទាំងសមត្ថភាព ជំនាញ និង ចំណេះដឹង។ លោកមានជំនាញរចនាផ្នែកខាងក្នុង និង បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យ Raffle International College នៅទីក្រុងភ្នំពេញ។ បន្ទាប់មកលោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Sunderland នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
២. លោក ម៉ុង ម៉ានិត
ក្នុងវ័យ ២៨ ឆ្នាំ លោក ម៉ុង ម៉ានិត ជាស្ថាបនិក និង ជាអ្នកបោះពុម្ពផ្សាយនៃហាងស្រលាញ់សៀវភៅ។ លោកជាសិល្បករចម្រៀង ជាអ្នកសរសេរ និង តែងនិពន្ធបទភ្លេង ព្រមទាំងនិពន្ធរឿងប្រលោមលោកដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា។ សៀវភៅបោះពុម្ពលើកដំបូងរបស់លោក មានចំណងជើងថា One Mission ឬ បេសកកម្មមួយ ហើយសៀវភៅនេះក៏ជាផ្នែកមួយលើកកម្ពស់ដល់ការអាននៅអំឡុងឆ្នាំ ២០១៦ ផងដែរ។
៣. លោក Sovannprina
អាយុទើបតែ ២៤ ឆ្នាំ កំលោះសង្ហាល្បីជាកូនភ្លោះរូបនេះ ជាស្ថាបនិកនៃ Kampuchea Digital Marketing Ventures ឬគ្រប់គ្នាច្រើនស្គាល់អក្សរកាត់ KDMV។ ជំនួញសម្លៀកបំពាក់ និង ស្បែកជើងកំពុងមានទីផ្សារខ្ពស់ពីសំណាក់យុវវ័យនេះ ត្រូវបានលេចរូបរាងឡើង បន្ទាប់ពីលោកមានគំនិតជាមួយបងប្អូនភ្លោះរបស់លោក។ ក្រៅពីបង្កើតម៉ាកយីហោនេះ លោកក៏ជាអ្នកបង្កើតមាតិកា ដែលបង្ហាញពីគំនិតច្នៃប្រតិដ្ឋប្លែកៗ ជាពិសេសការរកស៊ី។
៤. លោក ឈិន ថង
ក្នុងវ័យ ២៩ ឆ្នាំ លោក ឈិន ថង ត្រូវបានគេស្គាល់ជានាយកប្រតិបត្តិ និង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការប្រណីតនៅហាងមាសពេជ្រដ៏ល្បីឈ្មោះនៅទីក្រុងភ្នំពេញគឺ Jin Hoc Jewelry។ ក្រៅពីជំនាញច្នៃម៉ូដ លោកក៏មានជំនាញខាងមើលពេជ្រ និង ត្បូងផងដែរ។ ថ្មីៗនេះ លោកទើបតែបង្កើតគ្រឿងអលង្ការមានម៉ាកផ្ទាល់ខ្លួនឈ្មោះថា «CHHIN» ដែលផ្តោតទៅលើម៉ូដទំនើបហ្វេហ្សិនបែបយុវវ័យ។
៥. លោក ស៊ូ សេដ្ឋី
មានវ័យ ២៦ ឆ្នាំ លោក ស៊ូ សេដ្ឋី ជានាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូន Jalat Logistics។ លោកបានបង្កើតក្រុមហ៊ុននេះនៅអំឡុងការបិទខ្ទប់កូវីដ-១៩។ លោកបានបញ្ចប់បរិញ្ញាបត្រខាង Digital Business MSc ពីសាកលវិទ្យាល័យ University of Westminster នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ សមិទ្ធផលរបស់លោករួមមាន ការឈ្នះលេខ ១ នៅក្នុងកម្មវិធីប្រកួតចាប់ផ្តើមអាជីវកម្ម ASEAN-Korea Startup Week នៅក្នុងឆ្នាំ ២០២១ និង ឆ្នាំដដែលលោកបានប្រកួតក្នុងកម្មវិធីសហគ្រិន Mayor Entrepreneur Programme and Competition រៀបចំដោយ Mayor’s Fund for London នៅទីក្រុងឡុងដ៍ ដោយប្រកួតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
៦. លោក ALI SAMNANG
ស្ថិតក្នុងវ័យ ២៦ ឆ្នាំ លោក ALI SAMNANG ជានាយករងនៃក្រុមហ៊ុន Queen Legacy Group។ ក្រុមគ្រួសាររបស់លោកបានបន្សល់ទុកក្រុមហ៊ុននេះឱ្យលោក ហើយលោកមានការប្តេជ្ញាចិត្តថែរក្សា និង ពង្រីកក្រុមហ៊ុនឱ្យរីកចម្រើនជាងនេះទៅទៀត៕