Janie ទម្លាយជីវិតដ៏សំណាង បានការប្តីក្មេងដូចរើសបានគ្រាប់ពេជ្រ គេស្រឡាញ់មើលថែថ្នមចិត្ត គឺមានទាំងព្រម
តារាសម្ដែងស្រី Jenie Theaphosuwan ជាតារាស្រីម្នាក់ដែលបានជួបព្យុះភ្លៀងជីវិតដ៏ធំបំផុតស្ទើរតែមិនអាចទប់ទល់បាន។ កន្លងមកនាងតារាស្រីរូបនេះ បានជួបជីវិតគូដ៏សែនអួអាប់ និង ឈឺចាប់បំផុត ដោយនាងត្រូវបានមនុស្សដែលខ្លួនស្រឡាញ់ដែលជាអតីតស្វាមី វាយធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្ត រហូតធ្វើឱ្យជីវិតអំឡុងពេលនោះងងឹតសូន្យសុង និង សម្រេចចិត្តចែកផ្លូវគ្នារស់រៀងខ្លួនវិញ។
ដូចពាក្យចាស់តែងពោលថា ក្រោយភ្លៀងមេឃតែងស្រឡះ ហាក់មិនខុសអ្វីពីជីវិតតារាស្រី Jenie សោះឡើយ ដោយបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីទៅ មិនយូរប៉ុន្មានតារាស្រីរូបនេះក៏បានរកឃើញអ្នកមកថែបេះដូងថ្មី គឺតារាប្រុស Micky ដែលជាបុរសមានរូបសង្ហាចិត្តទូលាយ និង មានអាយុប្អូននាងជាង ១០ ឆ្នាំឯណោះ។
ក្រោយពីបានជួបស្នេហ៍ពិត តារាស្រី Jenie និង Micky បានចាប់ដៃគ្នារៀបការសាងសុភមង្គល ដោយពេលនេះអ្នកទាំងពីរទទួលបានកូនស្រីម្នាក់ជាចំណងដៃ។ ថ្មីៗនេះ ក្នុងកម្មវិធី TODAY SHOW តារាស្រី Jenie បានចេញមកទម្លាយពីជីវិតគូរបស់នាងថាពិតជារស់នៅមានសេចក្ដីសុភមង្គលខ្លាំងណាស់។
ចាប់តាំងតែចាប់ដៃគ្នាមករយៈ ៤ ឆ្នាំ ជាមួយស្វាមីវ័យក្មេងនាងមក ជីវិតហាក់មានពន្លឺ រស់នៅដោយក្ដីរីករាយ គ្មានការបារម្ភផ្លូវចិត្តសោះឡើយ។ លើសពីនោះ តារាស្រីរូបនេះក៏បានអួតសរសើរតារាប្រុស Micky មិនដាច់ពីមាត់ថាជាមនុស្សប្រុសល្អ តែងមើលថែនាង និង កូនដោយក្តីស្រឡាញ់ ជាពិសេស តារាប្រុស Micky តែងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាងទៀតផង៕