មហាជនស្រណោះ! តាំងពីចូលសិល្បៈ Om Akkaphan ជាសុភាពបុរស មិនធ្លាប់មានរឿងអាស្រូវស្នេហា រីឯភរិយាក៏ទើបបង្ហាញមុខក្នុងពិធីបុណ្យស-ព
មហាជនអ្នកគាំទ្រនៅតែសោកស្តាយមិនអស់ចិត្តនៅឡើយទេ ចំពោះការចាកចេញទៅរបស់តារាប្រុសលោក Om Akkaphan ក្រោយពីតស៊ូជាមួយនឹងជំងឺមហារីកសាច់ដុំបេះដូងអស់រយៈពេលជាង ២ ឆ្នាំ។
ក្នុងនោះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តៗរួមការងារទាំងឡាយស្រណោះនោះ គឺ Om ជាមនុស្សល្អណាស់ លោកយកចិត្តទុកដាក់ជាមួយនឹងអ្នកនៅជុំវិញខ្លួន ព្រមទាំងជាតារាម្នាក់ដែលមានក្រឹតក្រមការងារយ៉ាងច្បាស់លាស់ និង មិនធ្លាប់មានរឿងអាស្រូវណាមួយឡើយ ជាពិសេសទៅទៀតនោះ គឺមិនដែលលេចឮព័ត៌មានស្នេហានាយអាយជាមួយនារីណាម្នាក់ឡើយ តាំងពីប្រឡូកក្នុងសិល្បៈមក។
ជីវិតស្នេហារបស់លោក ទើបតែត្រូវបានទម្លាយខណៈលោកបានចាកចេញទៅ គឺលោកមានភរិយាជាជនជាតិបរទេស ដែលបានរួមរស់ជាមួយគ្នាជាង ៤ ឆ្នាំទៅហើយ។ តាមព័ត៌មានបានឱ្យដឹងថា ភរិយារបស់លោករូបនេះ មានឈ្មោះថា Daria Shevruk បានទាក់ទងជាមួយ Om តាំងពីមុនលោកធ្លាក់ខ្លួនឈឺ ហើយក៏នៅក្បែរថែរក្សាលោករហូតនៅពេលដែលលោកចាប់ផ្តើមធ្លាក់ខ្លួនចូលមន្ទីរពេទ្យ រហូតដល់ថ្ងៃបាត់បង់ជីវិត។
អ្វីដែលគួរឱ្យរំជួលចិត្តទៅទៀតនោះ មហាជនទើបតែដឹងថា Om មានភរិយានៅក្នុងថ្ងៃពិធីបុណ្យសពរបស់លោកនេះឯង គឺគេឃើញនាងឈរឱបរូបថតស្វាមីសម្រក់ទឹកភ្នែកយ៉ាងគួរឱ្យអាណិត។ តែយ៉ាងណា មិនទាន់មានព័ត៌មានបញ្ជាក់នៅឡើយទេថា អ្នកទាំងពីរមានកូនជាចំណងដៃស្នេហាឬយ៉ាងណានោះ៕