ទៅចង់សឹកផ្លូវទើបដឹង! នៅតាកែវ មានរូបព្រះពុទ្ធប្បដិមាដ៏ធំ កម្ពស់ជិត ១៥ ម៉ែត្រ សង់លើកំពូលភ្នំ ឡើងជណ្ដើរជាង ២០០ កាំ
បើកាលណាគេនិយាយពីខេត្តតាកែវ ភ្ញៀវទេសចរតែងនឹកទៅដល់ភ្នំជីសូរមុនគេ ជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យ តែទន្ទឹមនេះក៏មានកន្លែងលម្ហែផ្សេងៗផងដែរ ដូចជាភ្នំតាម៉ៅ ទន្លេបាទី ទឹកជ្រោះផ្អោកគិរីវង់ និង តំបន់ទេសចរណ៍ផ្សេងៗ ជាដើម។
ថ្មីៗនេះផងដែរ តាមរយៈរដ្ឋបាលខេត្តតាកែវ បានណែនាំនូវរមណីយដ្ឋានដ៏ពេញនិយមមួយក្នុងខេត្តតាកែវ ដែលមានឈ្មោះថា «ភ្នំ ឬ វត្តជីតាពេជ្រ»។ ស្ថិតនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ភ្នំ ឬ វត្តជីតាពេជ្រ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានភ្នំមួយសម្បូរទៅដោយម្លប់ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ កម្ពស់ ១៣,៥០ ម៉ែត្រ ធ្វើអំពីថ្មភក់ទ្រង់ឈរបែរមុខទៅទិសខាងកើត។
ដើម្បីទៅទស្សនាសោភ័ណភាពស្រស់បំព្រងលើកំពូលភ្នំ ភ្ញៀវទេសចរត្រូវឆ្លងកាត់កាំជណ្ដើរប្រមាណជាង ២០០ កាំ ដែលនៅតាមជណ្ដើរនេះមានសាលាដំណាក់ចំនួន ៤ បន្ទប់អនាម័យ ព្រះពុទ្ធរូបអង្គតូច ១ ធ្វើអំពីថ្មភក់ រូបសំណាកតាបស ១ អង្គ ធ្វើពីថ្មភក់។
បើនិយាយពីប្រវត្តិភ្នំនេះ កាលពីដើមមានព្រៃក្រាស់ និង ដើមឈើធំៗដែលផ្តល់ជាជម្រកយ៉ាងកក់ក្តៅដល់ពពួកម្រឹគីម្រឹគា បក្សាបក្សីរស់នៅតកូនតចៅរៀងរហូតមក ដោយពុំសូវមានមនុស្សចូលទៅដល់ទីនោះឡើយ។ លុះចំណេរក្រោយមក មានបុរសម្នាក់ឈ្មោះពេជ្រ ដែលទើបនឹងលាចាកសិក្ខាបទថ្មីៗតាមគន្លងព្រះពុទ្ធសាសនា (ហៅជី) បានមករស់នៅជើងភ្នំនេះតែម្នាក់ឯងដើម្បីកាប់ឆ្ការព្រៃធ្វើចម្ការ ខណៈលោកក៏ប៉ិនប្រសប់ខាងព្យាបាលជំងឺគ្រប់ប្រភេទផងដែរ ដោយផ្សំរុក្ខជាតិផ្សេងៗនៅទីនោះ សម្រាប់ធ្វើជាឱសថយ៉ាងស័ក្តិសិទ្ធិ ក្នុងការជួយព្យាបាលអ្នកជំងឺ។
ក្នុងសម័យនោះ តាពេជ្រមានដំណាក់តូចមួយនៅលើកំពូលភ្នំ នៅពេលមានគ្រោះអាសន្ន អ្នកស្រុកនៅទីនោះតែងតែទៅពឹងពាក់ឱ្យតាពេជ្រជួយព្យាបាល និង បញ្ចៀសនូវគ្រោះចង្រៃទាំងពួងឱ្យវិនាសបាត់ទៅ។ ក្រោយមរណភាពរបស់តាពេជ្រ អ្នកស្រុកតែងតែប្រារព្ធធ្វើបុណ្យជាប្រចាំនៅលើកំពូលភ្នំ ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណក្ខន្ធរបស់តាពេជ្រ ហើយហៅភ្នំនោះថា «ភ្នំជីតាពេជ្រ» រហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព និង រូបភាព ៖ រដ្ឋបាលខេត្តតាកែវ