ទោះបោះបង់ Title តែ ប៊ី សុធារី ត្រូវបានមហាជនទទួលស្គាល់ជាបវរកញ្ញាខ្លាំង និង អស្ចារ្យបំផុតក្នុងវិស័យបវរកញ្ញាកម្ពុជា
ក្រោយធ្វើសន្និសីទសារព័ត៌មានផ្លូវការ បង្ហាញពីភាពស្អាតស្អំ បោះបង់តំណែង និង ប្រកាសចាកចេញពីកម្មវិធី MGI ប៊ី សុធារី ត្រូវបានមហាជនខ្មែរគំាទ្រលើកទឹកចិត្តនាងពេញទំហឹង។ អាចថានាងជាបវរកញ្ញាទីមួយហើយដែលហ៊ានតតាំង ប្រឆាំងនឹងអ្នកបង្កើតកម្មវិធីម្ចាស់ដើម ដើម្បីមុខមាត់ប្រទេសជាតិរបស់ខ្លួន។ យើងសូមលើកពី ៦ ចំណុច ដែលបង្ហាញថា ប៊ី សុធារី ជាបវរកញ្ញាអស្ចារ្យ និង ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។
១. ប៊ី សុធារី ជាស្ត្រីដែលក្លាហានបំផុត
នាងចូលប្រឡូកកម្មវិធីប្រកួតសម្រស់តាំងពីអាយុ ១៤ ឆ្នាំ និង បានតំណាងឱ្យកម្ពុជាទៅបង្ហាញមុខនៅលើឆាកអន្តរជាតិ ខណៈដែលគ្រានោះពុំទាន់មានស្ត្រីកម្ពុជាវ័យស្រករនាង ហ៊ានឡើងទៅប្រកួតលើឆាកអន្តរជាតិនៅឡើយ។
២. ជាបវរកញ្ញាមានការព្យាយាមខ្ពស់
តាំងពីចាប់ផ្តើមប្រលូកកម្មវិធីប្រកួតសម្រស់ នាងបានព្យាយាមយកជ័យលាភីតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុក។ ជាក់ស្តែង ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ នាងបានចូលប្រកួតកម្មវិធីសម្រស់ជាច្រើនរួមមាន៖ កម្មវិធី Miss Tourism Queen Cambodia 2013, កម្មវិធី Miss Tourism Cambodia 2013 , កម្មវិធី Miss Tourism International, កម្មវិធី Miss Asian, កម្មវិធី Miss South Asia និង កម្មវិធី Supper Model International ជាដើម។ ជាលទ្ធផលដូចក្តីស្រមៃ នៅឆ្នាំ ២០១៥ នាងបានជាប់ជ័យលាភីលេខ ៣ នៅក្នុងកម្មវិធី Supper Model International។ ទោះមិនមែនជ័យលាភីលេខ ១ តែនាងពិតជាមានមោទកភាព ចំពោះការព្យាយាមរហូតបានជ័យលាភីលើឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួន។
៣. ក្លាយជាម្ចាស់មកុដ និង វ៉ាយកពានរង្វាន់ម្តង ៥ តែឯង
កាលពីឆ្នាំ ២០១៦ ប៊ី សុធារី នាងបានចូលប្រកួតកម្មវិធីថ្នាក់ជាតិធំជាងគេ គឺកញ្ញាឯកកម្ពុជា ឬ Miss Cambodia 2016 ដោយឈ្នះជ័យលាភីលេខ ១ និង ទទួលបានពានរង្វាន់ដល់ទៅ ៥ ស្ទួនគ្នា រួមមាន ពានរង្វាន់ Best in National Costume ឬ បេក្ខនារីគ្រងឈុតប្រពៃណីស្អាតជាងគេ, ពានរង្វាន់ Best In Cocktail Dress ឬ បេក្ខនារីគ្រងឈុតជប់លៀងស្អាតជាងគេ, ពានរង្វាន់ Best In Evening Gown ឬ បេក្ខនារីគ្រងឈុតសមោសស្អាតជាងគេ, ពានរង្វាន់ Best In Khmer Traditional Gown ឬ បេក្ខនារីគ្រងឈុតប្រពៃណីខ្មែរស្អាតជាងគេ និង ពានរង្វាន់បេក្ខនារីដែលមានសក់ស្អាតជាងគេ។
៤. ក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាដំបូងគេ នៅក្នុងកម្មវិធីអន្តរជាតិល្បីលំដាប់កំពូល Miss Universe
នៅឆ្នាំ ២០១៧ ប៊ី សុធារី បានបំពេញបំណងរបស់ខ្លួនមួយ ដោយនាងបានក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាដំបូងគេ ចេញទៅប្រកួតកម្មវិធីអន្តរជាតិ Miss Universe 2017 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។
៥. ជាស្ត្រីខ្មែរក្នុងប្រវត្តិសាស្ត្រ ដែលប្រឡូកកម្មវិធីប្រកួតសម្រស់ច្រើនជាងគេបំផុត
បើរាប់មកដល់បច្ចុប្បន្ន ប៊ី សុធារី បានចូលប្រកួតកម្មវិធីទាំងថ្នាក់ជាតិ និង អន្តរជាតិ ប្រមាណជាង ១០ កម្មវិធី។
៦. តស៊ូ និង ហ៊ានតតាំងដើម្បីជាតិ
តាំងពីដើមឡើយមក រាល់ពេល ប៊ី សុធារី តំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ នាងតែនិយាយថា នាងទៅដើម្បីកម្ពុជា ទៅដើម្បីប្រជាជនកម្ពុជា និង ប្រទេសជាតិទាំងមូល។ ដូចបានឃើញស្រាប់ ថ្មីៗនេះ ខណៈមានបញ្ហាអំឡុងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី MGI ដែលត្រូវបានជនជាតិថៃបង្កាច់បង្កូច រហូតប្តូរការរៀបចំទៅប្រទេសថៃវិញ ប៊ី សុធារី ក្នុងនាមជាបវរកញ្ញាតំណាងឱ្យកម្ពុជា នាងសុខចិត្តបោះបង់ការប្រកួត បោះបង់តំណែង ហើយងើបមកតតាំងរកភាពយុត្តិធម៌ឱ្យកម្ពុជាវិញ។ អ្វីដែលសំខាន់ ការតតាំងរបស់នាងត្រូវបានប្រជាជនកម្ពុជាទាំងមូលគាំទ្រពេញទំហឹង។ សូម្បីហ្វេនៗជាបរទេសក៏ផ្តល់កម្លាំងចិត្តដល់នាងផងដែរ។ នេះហើយជាស្ត្រីខ្លាំង និង អស្ចារ្យ ដែលធ្វើជាសំឡេងដល់កម្ពុជា៕