គិតត្រឹមរយៈពេល ១៥ ថ្ងៃ ផ្លូវល្បឿនលឿន មានយានយន្តចរាចរណ៍ដល់ទៅជាង ១៩ ម៉ឺនគ្រឿង
ក្រសួងសារធារណការ និង ដឹកជញ្ជូន បានធ្វើការបង្ហាញរបាយការណ៍ចំនួនតួលេខនៃយានយន្តដែលបានធ្វើចរាចរណ៍លើផ្លូវល្បឿន លឿនភ្នំពេញ – ព្រះសីហនុ ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះថា មានយានយន្តកើនឡើងដល់ជាង ១៩ ម៉ឺនគ្រឿង។
បើតាមកំណត់ត្រាស្ថិតិយានយន្ត និង ស្ថានភាពចរាចរណ៍ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរសាកល្បង កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ម៉ោង ៧:00 នាទីព្រឹកដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ម៉ោង ២៤:00 នាទីយប់មានយានយន្តចំនួន ១៩០៣៤៦ គ្រឿងបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ៨ ទីតាំង។
ក្រសួង ក៏បានបញ្ជាក់ដែរថាក្នុងកំឡុងពេល ១៥ ថ្ងៃនេះ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុត គឺថ្ងៃទី ១៥ ខែតុលា ដែលមានយានយន្តសរុបចំនួន ២១៧៩៨ គ្រឿងបានធ្វើដំណើរ ហើយក្នុងចំណោមយានយន្តសរុបជាង ១៩ ម៉ឺនគ្រឿង មានករណីត្រូវការ ការប្រឹក្សាយោបល់សាកសួរព័ត៌មាន និង ស្វែងរកជំនួយសង្រ្គោះសរុបចំនួន ៥០៦ ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩៕
រូបភាពដោយ៖ ក្រសួងសារធារណការ និង ដឹកជញ្ជូន