អ្នកចូលចិត្តញីភ្នែកគួរដឹង! គ្រូពេទ្យព្រមានថា ហាមញីភ្នែកពេលរមាស់ ប្រយ័ត្នកើតជំងឺមិនអាចព្យាបាលបាន
អ្នកជំនាញផ្នែកភ្នែកម្នាក់ បានចេញការព្រមានចំពោះការយកដៃញីភ្នែកពេលដែលរមាស់ ព្រោះវាអាចបណ្ដាលឱ្យកើតមានជំងឺមិនអាចព្យាបាលបាន។ លោកស្រីវេជ្ជបណ្ឌិត Imane Tarib បានប្រើប្រាស់បណ្ដាញសង្គម TikTok របស់នាង ក្នុងការណែនាំដល់អ្នកដែលមើលវីដេអូរបស់នាងទាំងអស់ ចូលរួមថែរក្សាកែវភ្នែករបស់ពួកគេ។ លោកស្រីបានព្រមានដែរថា ការញីភ្នែកអាចបណ្ដាលឱ្យមានបញ្ហាសុខភាពភ្នែកធ្ងន់ធ្ងរដែលគ្រប់គ្នាមិននឹកស្មានដល់។
អ្នកជំនាញដដែលបានពន្យល់ថា នៅពេលដែលយើងញីភ្នែកកាន់តែច្រើន នោះផ្ទៃនៃកែវភ្នែករបស់យើងក៏ប្ដូរទម្រង់ទៅតាមនោះដែរ ដែលជាហេតុនឹងធ្វើឱ្យមានការខូចបណ្ដាញសរសៃខូឡាជេននៅក្នុងនោះ និង អាចបង្កទៅជាជំងឺ Keratoconus។ Keratoconus គឺជាជំងឺភ្នែកមួយ ដែលបណ្ដាលឱ្យកែវភ្នែកឡើងស្ដើង ធ្វើឱ្យភ្នែកមើលឃើញព្រាលៗ លែងច្បាស់ ងាយរងប្រតិកម្មនឹងពន្លឺ។
ដូច្នេះ ប្រសិនបើយើងភ្លាមៗចាប់ផ្ដើមមានអារម្មណ៍ថា ពិបាកមើល ពេលមានពន្លឺថ្ងៃខ្លាំង ឬ ចាប់ផ្ដើមឈឺក្បាល ពេលព្យាយាមផ្តោតមើលលើអ្វីមួយនោះ វាអាចបណ្ដាលមកពីយើងញីភ្នែកខ្លាំងពេក។ បច្ចុប្បន្ននេះ មិនមានវិធីព្យាបាលណាមួយអាចព្យាបាលជំងឺ Keratoconus នោះឡើយ ដោយអាចត្រឹមជួយសម្រួលការមើលដោយប្រើប្រាស់ឡេនភ្នែកប៉ុណ្ណោះ។
តាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត Imane Tarib បានឱ្យដឹងទៀតថា ដើម្បីបញ្ចៀសការញីភ្នែកនៅពេលរមាស់ គឺមានវិធីសាស្ត្រមួយចំនួន ដូចជា ការបិទបើកភ្នែកយឺតៗ ហើយប្រើប្រាស់ថ្នាំបន្តក់ភ្នែក ដែលអាចជួយសម្រួលកែវភ្នែកពីការរមាស់បានដោយមិនបណ្ដាលឱ្យមានការខូចកែវភ្នែក។ យ៉ាងណាមិញ ប្រសិនយើងចាំបាច់ត្រូវការញីខ្លាំង ជម្រើសដ៏ល្អ គឺប្រើប្រាស់ដៃចង្អុល ម៉ាស្សាថ្នមៗនៅបរិវេណជុំវិញ និង ក្រោមភ្នែក ហើយសៀតថ្កា៕