ផ្ទុះផ្អើលមហាជនពេក ដេត ស្រីនាឌ លុបផុសចេញ ស្របពេលស្ថាប័ន MPC បង្ហាញមុខអ្នកប្រកួតជំនួស
នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសកម្មវិធី Miss Planet Cambodia និង Miss Planet International កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី កញ្ញា ដេត ស្រីនាឌ Miss Planet Cambodia 2024 ធ្វើពហិកាមិនប្រកួត ខណៈនៅសល់មិនប៉ុន្មានម៉ោងទៀតការប្រកួតផ្តាច់ព្រ័ត្របានមកដល់។
ក្នុងនោះដែរ រឿងរ៉ាវខាងលើកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង ដោយមានមហាជនជាច្រើនបានទទូចស្នើឱ្យ ដេត ស្រីនាឌ បន្តការប្រកួតដើម្បីមុខមាត់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនោះ ក៏មានមហាជនខ្លះ ចង់ឱ្យ ដេត ស្រីនាឌ ចេញមកបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលស្ថាប័ន Miss Planet Cambodia បានចេញសេចក្តីជូនដំណឹងហើយ ដោយបានបញ្ជាក់ថា ដេត ស្រីនាឌ មានបញ្ហាសុខភាពទើបមិនអាចចូលរួមប្រកួតបាន។ ម្យ៉ាងវិញទៀត ពេលនេះ លំដាប់រងទី ១ Miss Planet Cambodia 2024 កញ្ញា ខន សុវណ្ណសូនីតា នឹងត្រូវមកបន្តតួនាទីនៃការប្រកួតវិញ។
ដោយឡែក ក្រឡេកទៅមើលរូបភាព និង សារបង្ហោះឡើងរបស់ ដេត ស្រីនាឌ នៅលើផេកហ្វេសប៊ុកផ្លូវការកាលពីព្រឹកមិញ ដែលរៀបរាប់ថា៖ «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិកាមិនចូលរួមប្រគួត Miss Planet International 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤។ នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែគាំទ្រ និង ផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំតាំងពីដើមរហូតមកដល់ចំណុចមួយនេះ។ នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា» ត្រូវបានលុបចោលហើយ ក្រោយផេកផ្លូវការ Miss Planet Cambodia បានចេញសេចក្តីជូនដំណឹងនោះ៕