ស្រីៗប្រយ័ត្នឱ្យមែនទែន! នារីម្នាក់ទម្លាយថា ឈប់ម៉ូតូចាំឆ្លងផ្លូវសុខៗ មានមនុស្សឆ្កួតយកកាំ-បិ-តច-ាក់ ម្ដុំផ្លូវកប់ស្រូវ ភ្នំពេញ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានជ្រាបករណីស្ត្រីម្នាក់ចែករំលែកឱ្យបងប្អូន ពិសេសស្រីៗចេះប្រុងប្រយ័ត្ន បន្ទាប់ពីខ្លួនត្រូវបានមនុស្សឆ្កួតម្នាក់ បានយកកាំបិតមកចាក់ បណ្ដាលឱ្យរងរបួសត្រង់ភ្លៅ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។
ពាក់ព័ន្ធទៅនឹងករណីនេះ នារីដែលរងគ្រោះ មានគណនីហ្វេសប៊ុកឈ្មោះ Srey Nich បានបង្ហោះសារនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ ឱ្យបានដឹងថា នាងបានជួបមនុស្សឆ្គួតម្នាក់នៅលើផ្លូវកប់ស្រូវ នៅជិតស្ពានល្បឿនលឿន ម៉ោង ៦ ជាងពេលល្ងាច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នារីរូបនេះ បានបន្តឱ្យដឹងថា ៖ «ខ្ញុំជិះម៉ូតូពីរនាក់មិត្តភក្តិ ខ្ញុំជាអ្នកឌុប ឈប់រៀបនឹងឆ្លងផ្លូវស្រាប់តែមានមនុស្យឆ្កួតម្នាក់ វាដើរមកក្បែរ និង បានលោតមកចាក់ដៃរបស់ខ្ញុំ តែខ្ញុំបានដកដៃចេញទាន់ វាក៏បានយកកាំបិតមកវះដាច់ភ្លៅរបស់ខ្ញុំដូចនៅក្នុងរូប។ វាមានរូបរាងដើរតាមផ្លូវស្ពាយកាតាបខាងក្រោយ សក់វាវែងលើកចង ស្លៀកខោត្រឹមជង្គង់ អាវពណ៌ដូចទឹកក្រូច។ បើបងប្អូនបានឃើញវានៅតាមផ្លូវ សូមប្រយ័ត្ន ព្រោះវានេះគ្រោះថ្នាក់ណាស់ ដើរមើលទៅធម្មតាទេ តែវាឱបកាំបិតតូចនៅក្នុងដៃរត់មកវះយើងតែម្ដង។ សូមប្រយ័ត្ន ឥលូវមនុស្សឆ្គួតតាមផ្លូវច្រើនណាស់»។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅចាក់ថ្នាំបង្ការតេតាណូស ដោយហេតុពុំដឹងថាកាំបិតដែលជននោះយកមកវះខ្លួន មិនដឹងជាកាំបិតអ្វី ហើយអាចនឹងមានមេរោគអ្វីខ្លះទេ៕