ក្រសួងព្យាករណ៍ថ្មីៗ! ចាប់ពីថ្ងៃនេះដល់បិណ្ឌ ៦ ប៉ុន្មានខេត្តនេះ ពិសេសតំបន់សមុទ្រ អាចមានភ្លៀងផ្គរ រន្ទះ និង ខ្យល់បក់បោកខ្លាំងលើសធម្មតា
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឱ្យបានដឹងថា យោងតាមការអង្កេត និង វិភាគលើស្ថានភាពធាតុអាកាស និង អាកាសធាតុនៅក្នុងតំបន់ និង កម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និង ភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និង របបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជា។
លក្ខខណ្ឌបែបនេះ នឹងបណ្តាលឱ្យតំបន់ទាំង ៣ នៅកម្ពុជា មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប ៖ នៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គររន្ទះ ច្រើនលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម ដែលរួមមានដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និង រាជធានីភ្នំពេញ។
២. តំបន់ខ្ពង់រាប ៖ នៅតំបន់ខ្ពង់រាប ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនបង្គួរ ដែលរួមមានដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និង តំបន់ជួរភ្នំក្រវាញ។
៣. តំបន់មាត់សមុទ្រ ៖ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ដែលរួមមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ។
តាមរយៈសេចក្ដីជូនដំណឹងនេះ បានឱ្យដឹងថា ចំណោមតំបន់ទាំង ៣ បណ្ដាខេត្តដែលស្ថិតនៅតំបន់មាត់សមុទ្រ គឺងាយទទួលរងឥទ្ធិពលជាងគេ ដោយអាចមានភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំងបក់ក្នុងកម្រិតល្បឿនបង្គួរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖